ខេត្តកំពង់ធំ ៖ យ៉ាងហោចណាស់ ក៏មនុស្ស២នាក់ បានស្លាប់ នៅនឹងកន្លែងកើត ហេតុ ដោយសារតែរថយន្តដឹកឈើក្រញូង បុកយ៉ាងពេញទំហឹង កាលពីវេលម៉ោង៧ និង៥៥នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៧ នៅកំណាត់ផ្លូវអាស៊ាន ស្ថិតនៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ជនរងគ្រោះ ក្នុងករណីគ្រោះថា្នក់ចរាចរនេះ នៅភូមិពាមក្រែង ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ភេទប្រុសទាំង២នាក់ ប៉ុន្តែអត្ដសញ្ញាណលំអិត នៅពុំទាន់ដឹងនៅឡើយទេ នៅពេលភា្លមៗនោះ។
យោងតាមសក្សីដែលឃើញហេតុនេះ បាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរស ២នាក់នេះ ជិះម៉ូតូ១គ្រឿង ម៉ាកទ្រីមសង់ ព៌ណខ្មៅ ចេញពីភូមិពាមក្រែង ក្នុងទិសដៅ ពីលិចទៅកើត លុះ មកដល់កន្លែងកើត ក៏ឆ្លងផ្លូវអាស៊ាន ជិតផុតទៅហើយ ស្រាប់រថយន្តម៉ាកលុចស៊ីស ៤៧០ មួយគ្រឿង បើក លុះលឿនដូចព្យុះ លើកំណាត់ផ្លូវអាស៊ាន ក្នុងទិសដៅពីជើងទៅត្បូង ហើយក៏ទៅបុកបុរស២នាក់នោះតែម្ដង បណ្ដាលមនុស្សខ្ទាតចេញពីម៉ូតូ ចំណែកម៉ូតនៅគៀបអូសជាប់នឹងកាង ខាងមុខផ្នែកខាងឆ្វេង តែម្ដង។
ប្រភពព័ត៌មានពីសក្សីដដែល បានបន្តថា ភា្លមៗនេះ ស្ថិតនៅក្នុងសភាពជ្រួលច្របល់ តៃកុងបានចុះរត់គេចខ្លួនបាត់ បន្សល់ទុកសាកសព និងវត្ថុតាង លុះបន្តិចក្រោយមក ទើបសមត្ថកិច្ចមកដល់ ក៏ដឹងថា រថយន្តផ្ទុកឈើក្រញូងពេញ ហើយនៅកៅអីមុខ មានឧបករណ៍ជក់ ថ្នាំញៀតទៀតផង។
ក្រុមសមត្ថកិច្ចដែលចុះអន្តរាគមន៍ នៅកន្លែងកើតហេតុនេះ គឺដឹកនាំ ដោយលោកព្រះរាជអាជ្ញា អ៊ិត សុធា ដែលគេស្គាល់ថា ធ្លាប់បានបង្ក្រាប ឈ្មួញឈើក្រញូងធំៗ និងមានឥទ្ធិពល ជាច្រើនករណីមកហើយ រួមទាំងជនចែកចាញគ្រឿងញៀងផង៕