ប៉ូលិស​ឥណ្ឌូនេស៊ី​ចាប់ខ្លួន​មនុស្ស​០៥​នាក់​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ពួក ISIS
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 August, 2017 ក+ ក-

​ហ្សា​ការ​តា ៖ ប៉ូលិស​ឥណ្ឌូនេស៊ី​កាលពី​ម្សិលមិញ​បាន​ឃាត់ខ្លួន​មនុស្ស​០៥​នាក់ ដោយ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ពួក ISIS និង​រឹបអូស​សារ​ធាតុគីមី​មួយចំនួន​នៅក្បែរ​រដ្ឋធានី​ហ្សា​ការ​តា ដែល​គ្រោង​យកទៅ​ប្រើប្រាស់​ដើម្បី​ផលិត​ជា​គ្រាប់បែក​វាយប្រហារ​លើ វិមាន​ប្រធានាធិបតី​នៅ​ចុងខែ​សីហា​នេះ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​
​ប៉ូលិស​បាន​និយាយថា ក្នុងចំណោម​មនុស្ស​ទាំង​០៥​នាក់​ខាងលើ មាន​ពីរ​នាក់​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​ត្រូវបាន​គេ​និទេស​ពី​ទីក្រុង​ហុងកុង សម្រាប់​ការចោទប្រកាន់ថា បាន​ផ្សព្វផ្សាយ មនោគមវិជ្ជា​ជ្រុលនិយម ហើយ​ក្រុមមនុស្ស​ទាំងនេះ​ទៀតសោត​បាន​សិក្សា​រៀនសូត្រ​ពី​បច្ចេកទេស ផលិត​គ្រាប់បែក​តាមរយៈ​គេហទំព័រ​មួយ​គ្រប់គ្រង​ដោយ​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ ដែល​គេ​សង្ស័យថា មាន​ទំនាក់ទំនង​ជាមួយ​ពួក ISIS នៅក្នុង​ប្រទេស​ស៊ី​រី​។
​តែ​យ៉ាងណាក៏ដោយ អត្ត​សញ្ញា​ជនសង្ស័យ មិនទាន់​ត្រូវបាន​បញ្ជាក់​លម្អិត​នៅឡើយ​ទេ ខណៈ​អាជ្ញាធរ​ឥណ្ឌូនេស៊ី កំពុង​ព្រួយបារម្ភ​លើ​ការកើនឡើង នៃ​សកម្មភាព​ជ្រុលនិយម​នៅក្នុង​ប្រទេស នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​៕

fn-2017-08-15-23-23-20-0