អ្នកវិភាគ​៖ របប​យោធា​ថៃ​ជា​គំរូ​មិនល្អ​ដល់​អាស៊ាន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 March, 2015 ក+ ក-

​វ៉ាស៊ីនតោន​៖​ស្ថេរភាព​នៅក្នុង​ប្រទេស ថៃ​ដែល​កើតចេញពី​ការគ្រប់ គ្រង​អំណាច​របស់​របប​យោធា​ថៃ​ជា​សារ​មួយ​មិនល្អ សម្រាប់​ប្រទេស អាស៊ាន​ជិតខាង​ដែល​កំពុងធ្វើដំណើរ​ការ លទ្ធិប្រជា ធិបតេយ្យ​។ នេះ​បើតាម​ការអះអាង​របស់​លោក ដេ​ត សុខ​ឧ​ត្ត​ម ព្រឹទ្ធបុរស​ផ្នែក​កិច្ចការ​សិក្សាធិការ​នៃ​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់​។​

​លោក ដេ​ត សុខ​ឧ​ត្ត​ម ដែល​បាន​ស្រាវជ្រាវ​អំពី​នយោបាយ​ថៃ​បាន​ថ្លែង​នៅក្នុង​កម្មវិធី វិទ្យុ​«​វេទិកា​អា​ស៊ា​ន‍​» (Hello VOA) កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥ ខែមីនា ឆ្នាំ​២០១៥ ថា​៖«​ក្នុងករណី​ដែល​យោធា​ថៃ​គាត់​កាន់​(​អំណាច​)​ទៅ​ពីមួយ​ឆ្នាំ​ទៅមួយ ឆ្នាំកន្លះ​ទៅមុខទៀត ហើយ​ធ្វើ​ឲ្យ​ប្រទេស​ថៃ​មាន​ស្ថេរភាព​ជាង​កាលពីមុន​យោធា​កាន់​នោះ អញ្ចឹង​វា​នឹង​ផ្ញើ​សារ​អាក្រក់​មួយ​ដល់​ប្រទេស​ជុំវិញ ជាពិសេស​គឺ​ប្រទេស​ភូមា​ហ្នឹងឯង​។​​»

​អ្នកវិភាគ​រូបនេះ​ពន្យល់ថា រដ្ឋប្រហារ​ថៃ​ជា​គំរូ​មិនល្អ​ពីព្រោះ​ប្រទេសជិតខាង​ដូចជា​ភូមា ដែល​គេ​ស្គាល់​ថា​ជា​ប្រទេស​មី​យ៉ាន់​ម៉ា ប្រទេស​កម្ពុជា ព្រមទាំង​ប្រទេស​ឡាវ​ដែល​ប្រកាន់​របប​កុ​ម្មុយ​និ​ស្ត​ផង​នោះ ប្រទេស​ទាំងនេះ​អាច​លើកយក​ករណី​ប្រទេស​ថៃ​ជា​លេស​ដើម្បី​បង្ហាញ​ពី គ្រោះថ្នាក់​នៃ​ការធ្វើ​ប្រជាធិបតេយ្យ និង​ពី​ផលប្រយោជន៍​នៃ​ស្ថេរភាព​ដែល​កើតចេញពី​របប​ដែលមាន​និន្នាការ ផ្តាច់ការ​។​

​ដោយ​ស្ថិតនៅ​ចំ​ទីតាំង​ដ៏​មាន​យុទ្ធសាស្ត្រ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ប្រទេស​ថៃ​មាន​ទំហំ​សេដ្ឋកិច្ច​ធំ​ជាង​ប្រទេសជិតខាង​ខ្លួន​ទាំង​បួន ប​ញ្ជូ​ល​គ្នា គឺ​សេដ្ឋកិច្ចកម្ពុជា ឡាវ ភូមា និង​វៀតណាម​។ ប្រទេស​ថៃ​ក៏​ជា​ប្រទេស​តែមួយគត់​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ដីគោក​ដែលជា សមាជិក​ស្ថាបនិក​នៃ​សមាគម​អាស៊ាន ហើយ​ធ្លាប់បាន​ដើរតួនាទី​សំខាន់​ក្នុង​អង្គការ​តំបន់​នេះ រួមទាំង​ក្នុង​កិច្ចការ​ប្រជាធិបតេយ្យ​ផង​។​

​ប៉ុន្តែ​ភាព​សកម្ម​របស់​ប្រទេស​ថៃ​នៅក្នុង​កិច្ចការ​អាស៊ាន​ត្រូវ​ថយ ចុះ​ដោយសារ​ការផ្ទុះ​ឡើង​នូវ​ភាព​តានតឹង​ខាង​នយោបាយ​ក្នុងស្រុក នៅក្រោយ​ការធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណា​វ៉ា​ត្រ ចេញពី​តំណែង​។ លោក ដេ​ត សុខ​ឧ​ត្ត​ម បានចាត់ទុក​លោក ថាក់ស៊ីន ថា​ជា​តួអង្គ​នយោបាយ​តែមួយគត់​ដែល​អាចមាន​កម្លាំង​ប្រឆាំងនឹង​ស្ថាប័ន យោធា​ថៃ​ដែលជា​តួអង្គ​នយោបាយ​ខ្លាំងជាងគេ​។ នៅ​ឆ្នាំ​២០០៩ កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​ធ្វើឡើង​នៅ​ប្រទេស​ថៃ​ត្រូវបាន​រំខាន​ដោយ បាតុករ​ដែលជា​អ្នកគាំទ្រ​លោក​ថាក់ស៊ីន​។​

លោក ដេ​ត សុខ​ឧ​ត្ត​ម ថ្លែងថា​ខណៈដែល​ប្រទេស​មី​យ៉ាន់​ម៉ា​និង​កម្ពុជា​កំពុង​ឆ្លងកាត់​ដំណើការ ឆ្ពោះទៅរក​លទ្ធិប្រជាធិបតេយ្យ​នោះ ប្រព័ន្ធ​នយោបាយ​របស់​ថៃ​អាចជួយ​រារាំង​ដោយ​ប្រយោល​ដល់​ដំណើរការ​ទាំងនេះ​។ អ្នកវិភាគ​រូបនេះ​មិន​រំពឹងថា​នឹងមាន​ការអន្តរាគមន៍​ចំពោះ​នយោបាយ ផ្ទៃក្នុង​របស់​ថៃ​ពី​សំណាក់​ប្រទេស​អាស៊ាន​ដទៃ​ទេ រួមទាំង​ប្រទេស​ឥណ្ឌូនេស៊ី ដែល​គេ​តែង​ចាត់ទុកថា​ជា​ប្រទេស​ទទួលជោគជ័យ​ក្នុង​ដំណើរការ​ទៅកាន់ លទ្ធិ​ប្រជា​ធិ​ប​ត្យេ​នៅក្រោយពី​មាន​របប​យោធា​មានអំណាច​។​​

លោកស្រី Yenny Wahid កូនស្រី​របស់​អតីត​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក អាប់​ឌុល​រ៉ា​ម៉ាន វ៉ា​ហ៊ី​ដ (Abdurrahman Wahid) បាន​ប្រាប់ VOA ថា​ប្រទេស​ឥណ្ឌូនេស៊ី​ទំនង​នឹងមិន​ប្រើប្រាស់​លក្ខណៈ​ខ្លួន​ជា​ប្រទេស​ធំ ជាងគេ​ក្នុង​តំបន់​ដើម្បី​លូកលាន់​ក្នុង​នយោបាយ​ថៃ​ទេ ប៉ុន្តែ​នឹង​ដើរតួ​ជា​«​គំ​រ‍ូ​ប្រជាធិបតេយ្យ​»​សម្រាប់​ប្រទេស​អាស៊ាន​ផ្សេង វិញ​។​
​លោកស្រី​ថ្លែងថា​៖ «​ខ្ញុំ​មិន​គិតថា​យើង​អាច​និយាយថា វិធី​ដែល​បាន​ជោគជ័យ​នៅ​ឥណ្ឌូនេស៊ី​អាច​យកទៅអនុវត្ត​នៅ​ប្រទេស​ផ្សេងទៀត បាន​ទ‍េ​។​​»

​លោកស្រី​ថ្លែងថា សមាគម​អាស៊ាន​ជាទូទៅ​សង្កត់ធ្ងន់​ទៅលើ​បញ្ហា​សេដ្ឋកិច្ច​និង​សន្តិសុខ​ជា ជាង​បញ្ហា​ការជ្រៀតជ្រែក​នយោបាយ​ប្រទេស​សមាជិក​របស់ខ្លួន​។ លោកស្រី​ថ្លែង​អំពី​គោលការណ៍​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​នយោបាយ ថា​៖ «​មេដឹកនាំ​ជាច្រើន​រួមទាំង​ឪពុក​របស់ខ្ញុំ​ផង (​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​) បាន​ព្យាយាម​អនុម័ត​ប៉ុន្តែ​ត្រូវ​ប្រឈម​នឹង​ការប្រឆាំង​មេដឹកនាំ​ប្រទេស អាស៊ាន​ផ្សេងទៀត​។​​»

​លោក ដេ​ត សុខ​ឧ​ត្ត​ម ថ្លែងថា​ថ្វីបើ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​ផ្លាស់ប្តូរ​ទៅរក​ប្រជាធិបតេយ្យ ឆាប់​ជាង​ប្រទេសជិតខាង​របស់ខ្លួន​នៅ​អាស៊ីអាគ្នេយ៍​ក្តី ក៏​ជោគជ័យ​នេះ​មាន​កម្រិត​។ លោក ដេ​ត សុខ​ឧ​ត្ត​ម បាន​លើក​ឧទាហរណ៍​ពី​ការសិក្សា​ថ្មី​មួយ​ដែល​បង្ហាញថា​ការបោះឆ្នោត​នៅ តំបន់​អាស៊ីអាគ្នេយ៍​រួមទាំង​ប្រទេស​ឥណ្ឌូនេស៊ី​ផង មានគុណ​ភាព​ទាប​នៅឡើយ ហើយ​មិន​ប្រសើរ​ជាង​ការបោះឆ្នោត​នៅ​ប្រទេស​ថៃ​ប៉ុន្មាន​ទេ​។​

​អ្នកវិភាគ​រូបនេះ​និយាយថា​នៅ​ទីបំផុត​ផលប៉ះពាល់​ពី​នយោបាយ​ប្រទេស ដែល​សំខាន់​ដូច​ប្រទេស​ថៃ​នឹង​ជា​បញ្ហា​ដែល​តំបន់​អាស៊ាន​ទាំងមូល​ត្រូវ ដោះស្រាយ​៖«​ជាធម្មតា​នៅក្នុង​តំបន់​មួយ​ដែល​សមមូល​គ្នា ធ្វើការ​ជាមួយគ្នា កាលណា​នៅក្នុង​ផ្នែក​ណាមួយ​នៃ​តំបន់​នោះ​មាន​បញ្ហា ជាធម្មតា​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ជះ​ដល់​ទាំងអស់គ្នា​៕VOA

az4

លោក ឧ​ត្ត​ម​សេនីយ៍ Prayuth Chan-ocha ចូលរួម​កិច្ចប្រជុំ​អាស៊ាន​នៅ​ទី​រដ្ឋធានី​ណៃ​ពិដោ​ប្រទេស​មី​យាន់​ម៉ា កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៤

az5

លោក បណ្ឌិត ដេ​ត សុខ​ឧ​ត្ត​ម ព្រឹទ្ធបុរស​ផ្នែក​កិច្ចការ​សិក្សាធិការ​នៃ​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ ចូលរួម​ជា​វាគ្មិន​ពិភាក្សា​អំពី​«​បញ្ហានយោបាយ​ថៃ​និង​ផលប៉ះពាល់​ដល់ សមាហរណកម្ម​អា​ស៊ា​ន‍​​»​នៅក្នុង​កម្មវិធី​«​វេទិកា​អា​ស៊ា​ន‍​»​នៃ​កម្មវិធី Hello VOA កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥ ខែមីនា ឆ្នាំ​២០១៥​។ (​លឹម សុធី​/VOA)