ភ្នំពេញ៖ លោកស្រីតាំង គឹមឆេង ភរិយា សពលោកឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវបានចៅក្រមស៊ើបអង្កេតសាលាដំបូងរាជធានី ភ្នំពេញបានកោះហៅឲ្យចូលបំភ្លឺកាលពីថ្ងៃទី៦ខែ មីនា កន្លងមកនេះ ក្នុងឋានះជាដើមបណ្តឹងនៃសំណុំរឿងឃាតកម្មលើប្តីរបស់ខ្លួនគឺលោកអ៊ឹង ម៉េងជឺ ។
ប្រភពព័ត៌មានបានរាយការណ៍ថា ចៅក្រមស៊ើបអង្កេតសាលាដំបូងរាជធានី ភ្នំពេញបានកោះហៅឲ្យលោកស្រីតាំង គឹមឆេង ភរិយា សពលោកឧកញ៉ា អ៊ឹង ម៉េងជឺ ឲ្យចូលមកឆ្លើយបំភ្លឺក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី ក្នុងរឿងឃាតកម្មបាញ់សម្លាប់លោកឧកញ៉ាអ៊ឹង ម៉េងជឺ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅ។
ការកោះហៅឲ្យលោកស្រីតាំង គឹមឆេង ភរិយា សពលោកឧកញ៉ា អ៊ឹង ម៉េងជឺ ដែលគេស្គាល់ថាជាថៅកែហាងត្បូងពេជ្រនៅផ្សារថ្មី ឲ្យចូលមកឆ្លើយបំភ្លឺ តាមការបង្គាប់របស់អគាធិការកិច្ច ក្រសួងយុត្តិធ៌ម កាលពីរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៥ ។
ជាមួយនឹងការបង្ហាញមុខលើកដំបូងនៅតុលាការពីសំណាក់ភរិយាសពលោកឧកញ៉ា អ៊ឹង ម៉េងជឺនាពេលនេះ គេឃើញលោកស្រី តាំង គឹមឆេង អាយុ៤៨ឆ្នាំ ជិះរថយន្តMercedes ពណ៌ខ្មៅ អមដោយលោកមេធាវី ឡាច សំរោង និងអង្គរក្ស៣ទៅ៤នាក់ផងដែរ ដោយរថយន្តជិះចូលដល់ក្នុងតុលាការតែម្តង។
ដំណើរការសួរយកចម្លើយលោកស្រីតាំង គឹមឆេង បានប្រព្រឹត្តទៅអស់រយៈពេលជាង១ម៉ោងនៅក្នុងបន្ទប់ចៅក្រមស៊ើប សួរ ហើយបានបញ្ចប់ទៅវិញនៅវេលាម៉ោង១៥និង៤០នាទីរសៀលថ្ងៃដដែរ។ បន្ទាប់មកមេធាវីរួមទាំងអង្គរក្សបានជូនដំណើរលោកស្រីតាំង គឹមឆេង ត្រឡប់ទៅលំនៅដ្ឋានវិញ។
ជាមួយគ្នានេះ នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៥នោះផងដែរ ចៅក្រមស៊ើបអង្កេតតុលាការរាជធានីភ្នំពេញក៏បានបង្គាប់ឲ្យនាំ ខ្លួនលោក ថោង ចំរើន និង លោកស្រី កែវ សារី ឪពុកលោកថោង សារ៉ាត់ មកកាន់តុលាការដើម្បីធ្វើការសាកសួរផងដែរ។
ដំណើរការសួរចម្លើយជនជាប់ចោទឈ្មោះថោង ចំរើន និង លោកស្រី កែវ សារី បានអូសបន្លាយពេលវេលាយតាំងពីម៉ោង១៤រសៀលរហូតដល់ម៉ោង១៧ទើបបញ្ចប់ ហើយអនុរក្សពន្ធនាគារបានបញ្ជូន ទៅកាន់ពន្ធនាគារព្រៃសវិញ។
គួររំលឹកថា កាលពីពេលថ្មីនេះអង្គភាពប្រឆាំងអំពុករលួយ ក៏បានទៅសួរយកចម្លើយលោកថោង ចំរើន និងអ្នកស្រីកែវ សារី ដល់ពន្ធនាគារផងដែរ ពាក់ព័ន្ធនឹងការសង្ស័យថាមានអំពើពុករលួយយ៉ាងធំនៅក្នុងចំណាត់ ការនីតិវិធីដែលដោះលែងជនជាប់ចោទឲ្យនៅក្រៅឃុំ ប៉ុន្តែជាធម្មតាលទ្ធផលនៃដំណើរការស៊ើបអង្កេតសាមីអង្គភាពមិនអាច បង្ហាញឲ្យសាធារណជនបានដឹងទេ។
សូមរំលឹកថា កាលពីព្រលប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ មានឃាតករបានចូលទៅ បាញ់សម្លាប់លោកឧកញ៉ាអ៊ឹង ម៉េងជឺ នៅក្នុងហាងលក់ផ្លែស្រស់យីហោ “ឡោ តិចស្រេង” ស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។ ជនដៃដល់បានបាញ់៦គ្រាប់ទៅលើជនរងគ្រោះបណ្តាលឲ្យស្លាប់នៅនឹង កន្លែង។
ក្រោយព្រឹត្តិការណ៍ឃាតកម្ម នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤ សមត្ថកិច្ចនគរបាលក្រុងភ្នំពេញបានចាប់ខ្លួនឧកញ៉ាថោង សារ៉ាត់ ជាមួយនឹងអង្គរក្ស៣នាក់ ដោយសង្ស័យថា ក្រុមថោង សារ៉ាត់ មានការជាប់ពាក់ព័ន្ធបទឧក្រិដ្ឋនេះ។
នៅល្ងាចថ្ងៃទី០១ ខែធ្នូដដែលនោះ ស្រាប់តែសមត្ថកិច្ចបានដោះលែងឧកញ៉ាថោង សារ៉ាត់ ត្រឡប់មកវិញ ហើយចាប់ពីពេលនោះមកគេមិនឃើញមានវត្តមានថោង សារ៉ាត់ទៀតទេ។
ជាមួយគ្នានេះអង្គរក្សថោង សារ៉ាត់ ចំនួន៤នាក់ត្រូវចាប់ឃុំខ្លួនក្រោមបទចោទប្រកាន់ឃាតកម្មគិតទុក ជាមុននៅក្នុងសំណុំរឿងធ្វើឃាតលោកឧកញ៉ាអ៊ឹង ម៉េងជឺ។
នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤ លោកថោងចំរើន និងអ្នកស្រីកែវ សារី ត្រូវបានចាប់ខ្លួននៅខណៈពេលដែលមានការឆែកឆេរលំនៅដ្ឋានរបស់គាត់ រកឃើញកាំភ្លើងវែងខ្លីជាច្រើនដើម។
តុលាការបានចោទប្រកាន់លោក ថោង ចំរើន និងអ្នកស្រីកែវ សារី ពីបទរក្សាទុកអាវុធខុសច្បាប់ និងប្រឆាំងអ្នករាជការសាធារណៈ ហើយត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃស។
នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៥ លោកចៅក្រមលី សុខឡេង បានចេញដីកាសំរេចដោះលែងលោកថោង ចំរើន និងអ្នកស្រីកែវ សារី ឲ្យនៅក្រៅឃុំវិញ បណ្តាលឲ្យកើតមានប្រតិកម្មពីថ្នាក់រាជរដ្ឋាភិបាល ហើយបន្ទាប់មកសមត្ថកិច្ចបានចាប់ខ្លួនលោកថោង ចំរើន និងអ្នកស្រីកែវ សារី នៅពេលដែលគាត់បានប៉ុនប៉ងរត់ទៅកាន់ប្រទេសវៀតណាម។
ក្រោយកើតមានព្រឹតិ្តការណ៍បន្តបន្ទាប់នេះ លោក អាំង មាលតី អតីតប្រធានតុលាការក្រុងភ្នំពេញត្រូវបានដកតំណែង ដោយសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយយ៉ាងធំសម្បើមនៅក្នុងព្រឹតិ្ត ការណ៍ដោះលែងជនជាប់ចោទក្នុងបទឧក្រិដ្ឋធ្ងន់ធ្ងរមួយចំនួនដូចជា ពួកឧក្រិដ្ឋជនគ្រឿងញៀនឈ្មោះថាវ ថាវី ការដោះលែងជនជាប់ចោទនៅក្នុងការលាក់ទុកអាវុធដែលពាក់ព័ន្ធនឹង អំពើឃាតកម្មជាដើម៕