ភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញបាន ចេញដីកាកោះហៅសកម្មជនតវ៉ាទំនាស់ដីធ្លី គឺព្រះភិក្ខុ លួន សុវ៉ាត ឲ្យចូលបំភ្លឺនៅថ្ងៃទី១៨ កញ្ញា ពាក់ ព័ន្ធបទសង្ស័យមួយចំនួនដូចជា បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋបទក្បត់ជាតិ និងបទប្រឆាំងការបោះឆ្នោត។
ព្រះភិក្ខុ លួន សុវ៉ាត មានព្រះថេរដីកានៅថ្ងៃទី៩ កញ្ញា ថា ខ្លឹមសារក្នុងដីកាចោទប្រកាន់ព្រះអង្គនោះ មានខ្លឹមសារដូចគ្នាទៅនឹងដីកាកោះហៅ លោក សួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរ ដែលព្រះអង្គយល់ថា តុលាការបានចម្លងខ្លឹមសារដីកាសម្រាប់ លោក សួន សេរីរដ្ឋា នោះមកចោទប្រកាន់ព្រះអង្គវិញម្ដង៖ «តុលាការហ្នឹងអត់បានយកអ្វីដែលជាការពិតមកចោទទេ ផ្ទុយទៅវិញ យកជាការប្រឌិត ជាការមួលបង្កាច់។ រាល់ការចោទនេះ គឺចោទរឿងនយោបាយចំ អត់មានរឿងបទល្មើសជាក់ស្ដែងពិតប្រាកដទេ។ អ៊ីចឹង អាត្មា លួន សុវ៉ាត គឺ លួន សុវ៉ាត មិនមែន អាត្មា លួន សុវ៉ាត ជា សួន សេរីរដ្ឋា ជា ប៉ុល ពត ជា ហ៊ុន សែន គឺមិនមែនទេ។ ដូច្នេះ មិនអាចយកបុគ្គលផ្សេង អ្នកផ្សេងមកចោទ មកយកឈ្មោះអាត្មាទៅប្រើ ទៅធ្វើ ឬក៏ទម្លាក់កំហុសមកលើអាត្មា គឺអាត្មាមិនទទួលបានជាដាច់ខាត»។
ទាក់ទងបទចោទប្រកាន់ទាំងនោះ ព្រះភិក្ខុ លួន សុវ៉ាត បានសន្និដ្ឋានថា ប្រហែលជាព្រះអង្គបានចូលរួមចលនាតស៊ូមតិប្រឆាំងនឹងការរឹបអូសយក ដីធ្លី ការរំលោភសិទ្ធិមនុស្ស និងតស៊ូមតិ ដើម្បីលទ្ធិប្រជាធិបតេយ្យកន្លងមក ដែលចលនាទាំងនោះ ព្រះអង្គបានចូលរួមទាំងនៅក្នុង និងនៅក្រៅប្រទេស ដើម្បីការពារផលប្រយោជន៍សង្គម ទើបតុលាការចោទប្រកាន់ដូច្នេះ៕ ប្រភព ៖ rfa
មន្ត្រីសាលារាជធានីភ្នំពេញ និមន្តព្រះភិក្ខុសង្ឃ លួន សុវ៉ាត ចេញពីក្រុមអ្នកភូមិបឹងកក់ ដែលតវ៉ានៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១១។