ក្រុមជីហាត អាល់ ណូស្រា ដែលជាបណ្តាញរបស់អាល់កៃដា នៅក្នុងប្រទេសស៊ីរីបានបញ្ជាក់កាលពីថ្ងៃសុក្រ ថា មេកើយរបស់ខ្លួន គឺអាប៊ូ ហ៊ូម៉ាំ អាល់ ចាមី បានស្លាប់ នៅក្នុងការវាយប្រហារមួយ នៅប៉ែកខាងជើងប្រទេសស៊ីរី។ នៅស៊ីរី អាល់ ចាមី ដឹកនាំក្រុមជីហាត ប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកប្រធានាធិបតីបាស្ហា អាល់អាសាដ។ ក្រុមជីហាត អាល់ ណូស្រា បានភ្ជាប់ខ្លួនទៅនឹងបណ្តាញក្រុមអាល់កៃដា និងតាំងខ្លួនជាគូប្រជែង របស់ក្រុមជីហាត នៃអង្គការរដ្ឋអ៊ីស្លាម ដែលកំពុងកាន់កាប់ទឹកដីមួយភាគធំ ក្នុងប្រទេសស៊ីរី។
ទីភ្នាក់ងារ ព័ត៌មានសាណារបស់ស៊ីរីបានជូនដំណឹងមរណភាពរបស់មេដឹកនាំក្រុមអាល់ ណូស្រា កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែ គេត្រូវរង់ចាំដល់ល្ងាចថ្ងៃសុក្រ ទើបអង្គការភេរវនិយម អាល់ណូស្រា បញ្ជាក់ដំណឹងនេះ តាមបណ្តាញTwittersរបស់ខ្លួន។ តាមអ្នកសង្កេតការណ៍ស៊ីរី ដើម្បី សិទ្ធិមនុស្ស ដែលមានបណ្តាញរបស់ខ្លួន នៅក្នុងតំបន់ដែលកាន់កាប់ដោយក្រុមជីហាត ក្នុងទឹកដីស៊ីរី អ្នកទទួលខុសត្រូវជាច្រើនរូប រួមទាំងមេដឹកនាំអាល់ណូស្រាផង បានស្លាប់ និងរបួសធ្ងន់ នៅក្នុងការវាយប្រហារជើងអាកាសមួយ ដែលគេមិនដឹងប្រភព កាលពីថ្ងៃទី ២៧ កុម្ភៈ សប្តាហ៍មុន។ នៅថ្ងៃសុក្រ កងទ័ពស៊ីរីបានចេញមុខប្រកាសថា ខ្លួនជាអ្នកទម្លាក់គ្រាប់ ទៅលើ កន្លែងប្រជុំរបស់អាល់ណូស្រា ដែលដឹកនាំដោយអាល់ចាមី។
មានប្រភពមកពីអាហ្វហ្កានីស្ថាន ជាទីដែលខ្លួន ធ្លាប់ប្រាស្រ័យទាក់ទង ជាមួយមេគំនិតរៀបចំភេរវកម្ម នៅទីក្រុងញូវយ៉ក នៅឆ្នាំ ២០០១ អាប៊ូ ហ៊ូម៉ាំ អាល់ ចាមីបានដឹកនាំក្រុមជីហាត ប្រយុទ្ធប្រឆាំងនឹងទ័ពរដ្ឋាភិបាលស៊ីរី និងកំពុងកាន់កាប់ទឹកដីស៊ីរី ប៉ែកខាងជើង។ ក្រៅតែ ទ័ពរដ្ឋាភិបាល ក្រុមអាល់ណូស្រា ប្រយុទ្ធផងដែរ ប្រឆាំងនឹងក្រុមជីហាត នៃអង្គការរដ្ឋអ៊ីស្លាម ដែលជាគូប្រជែងដណ្តើមទឹកដី នៅក្នុងប្រទេសស៊ីរី។
តាមអ្នកជំនាញជាច្រើន ការបាត់បង់ជីវិតមេដឹកនាំអាល់ណូស្រានឹងមិនធ្វើឲ្យប៉ះពាល់ដល់ យុទ្ធសាស្ត្រយោធានៅលើសមរភូមិទេ ដោយហេតុថា ក្រុមអាល់ណូស្រានេះ បែងចែក រួចជាស្រេច តួនាទី និងអំណាច តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម។ លោកស្រី Lina al Khartib អ្នកស្រាវជ្រាវនៃវិទ្យាស្ថាន ដើមបូព៌ា ដែលមានទីតាំងនៅក្នុងប្រទេសលីបង់ បាននិយាយថា ក្រុមអាល់ណូស្រា មានថ្នាក់ដឹកនាំ សំខាន់ៗ ជាច្រើនរូប។ ក្រុមនេះមិនបណ្តោយទុកដោយកៅអីដឹកនាំ របស់ខ្លួន នៅទំនេរយូរទេ។
ក្រុមអាល់ណូស្រា មិនពិបាកនឹងរកមនុស្សថ្មី មកជំនួសតំណែងដឹកនាំ បន្ទាប់ពី អាល់ ចាមី ស្លាប់ទៅ ក៏ពិតមែន ប៉ុន្តែ តាមអ្នកសង្កេតការណ៍ស៊ីរី ដើម្បី សិទ្ធិមនុស្ស ការបាត់បង់មេដឹកនាំក្រុមជីហាត ដែលមាននិន្នាការគាំទ្រ ក្រុមអាល់កៃដា នឹងអាចធ្វើឲ្យចង្កូតដឹកនាំរបស់ក្រុមអាល់ណូស្រាប្រែប្រួល។ សមាជិករបស់អាល់ណូស្រាមួយចំនួនកំពុងទាមទារចង់ឲ្យ អាល់ណូស្រា ផ្តាច់ខ្លួនចេញ ពីបណ្តាញអាល់កៃដា។ អាល់កៃដា ដែលបង្កើតឡើងដោយអូសាម៉ា បិនឡាដិន ត្រូវបានពួកជីហាត នៃអង្គការរដ្ឋអ៊ីស្លាម កាត់ផ្តាច់ មិនទាក់ទង និងរិះគន់ថា មានជំហរ មិនសូវដាច់ខាត។ ផ្ទុយពី នយោបាយរបស់ក្រុមអាល់កៃដា ក្រុមជីហាតនៃអង្គការរដ្ឋអ៊ីស្លាមចាប់យកយុទ្ធសាស្ត្រ វាតទី ទឹកដី ដោយបានចូលកាន់កាប់ទឹកដីមួយភាគធំ ដែលសំបូរប្រេង នៅអ៊ីរ៉ាក់ និងនៅស៊ីរី៕rfi
មេដឹកនាំក្រុមជីហាត អាល់ណូស្រា អាចស្លាប់ ដោយសារការវាយប្រហាររទ័ពអាកាស របស់ស៊ីរី©Photo tirée du compte Twitter de Wassim Nasr, journaliste de Fr