រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យ អង្គការមេត្រីអន្តរជាតិ (AIM) បន្តវត្តមានខ្លួននៅកម្ពុជាតទៅទៀត ។ នេះបើយោងតាមការឲ្យដឹងពីសម្តេចក្រឡាហោម ស ខេង ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីរសៀលម្សិលមិញ ។
គួរម្លឹកថា អង្គការ AIM នាថ្មីៗនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សង្ស័យថាជាអ្នកផ្តល់ព័ត៌មានខុសការពិតដល់ទូរទស្សន៍ CNN របស់សហរដ្ឋអាមេរិក រហូតដល់ទូរទស្សន៍នេះបានផ្សព្វផ្សាយថា «កូនស្រីកម្ពុជាត្រូវបានម្តាយយកទៅលក់ឱ្យបម្រើផ្លូវភេទ»។ ការសង្ស័យបែបនេះធ្វើឡើងបន្ទាប់ពី AIM ដែលមានស្នាក់ការនៅរាជធានីភ្នំពេញ អនុញ្ញាតឱ្យទូរទស្សន៍ CNN សម្ភាសន៍ក្មេងស្រីរងគ្រោះ៣នាក់ នៅក្នុងអង្គការរបស់ខ្លួន ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃកុមារី និងស្ត្រីខ្មែរ ដែលធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ៕