ភ្នំពេញ ៖ លោក ជាម យៀប ប្រធានក្រុមជាតិអន្តរសភាអាស៊ានកម្ពុជា ព្រឹកថ្ងៃទី២២ ខែសីហា នេះ បានជួបពិភាក្សាការងារជាមួយមន្ត្រីអគ្គលេខាធិការដ្ឋានអន្តរសភាអាស៊ានលើគម្រោង សិក្ខាសាលាបញ្ជ្រាបចំណេះដឹងស្តីពីការអភិរក្សជីវចរុះ និងបទល្មើសសត្វព្រៃជូនដល់សមាជិកសភាកម្ពុជា។
មន្ត្រីអគ្គលេខាធិការដ្ឋានអន្តរសភាអាស៊ានលោកស្រី Ria Aritonang មានប្រសាសន៍ថា៖ កិច្ច ពិភាក្សាថ្ងៃនេះផ្តោតសំខាន់លើកម្មវិធីអន្តរសភាអាស៊ាន សហការជាអង្គការ USAID Wild life ដែលជាអង្គការមួយផ្តោតលើការអភិរក្សជីវចំរុះ និងបទល្មើសសត្វព្រៃដែលអគ្គលេខាធិការដ្ឋានអន្តរសភាអាស៊ាន បានចុះកិច្ចព្រមព្រៀងជាមួយអង្គការនេះតាំងពីឆ្នាំ២០១២។ លោក ស្រីបានបន្តថា បន្ទាប់ចុះកិច្ចព្រមព្រៀងក្នុងឆ្នាំ២០១២កន្លងមក អន្តរសភាអាស៊ាន និងអង្គការ USAID Wild life បានឯកភាពគ្នាអនុវត្តកិច្ចព្រមព្រៀងតាំងពីឆ្នាំ២០១៥ ដល់ពេលបច្ចុប្បន្នក្នុងការធ្វើសិក្ខាសាលាបញ្ជ្រាបចំណេះដឹងដល់សមាជិកសភាអន្តរសភាអាស៊ាន។
លោកបណ្ឌិតរដ្ឋ ជាម យៀប បានថ្លែងអំណរគុណចំពោះការអញ្ជើញសមាជិក សភាកម្ពុជាអោយទៅចូលរួមសិក្ខាសាលាបញ្ជ្រាបចំណេះដឹងស្តីពីការអភិរក្សជីវចរុះ និងបទល្មើសសត្វព្រៃ ដែលផ្តល់នូវចំណេះដឹង និងបទពិសោធបន្ថែមទៀតដល់សមាជិកសភាកម្ពុជាក្នុងការរួមចំណែកចែកររំលែកនូវព័ត៌មានថ្មីៗដល់ប្រជាពលរដ្ឋកម្ពុជាក្នុងការអភិរក្សជីវចំរុះ និងបទល្មើសសត្វព្រៃអោយមានការរីកចម្រើនឡើង៕