វ៉ាស៊ីនតោន ៖ កងទ័ពសហរដ្ឋអាមេរិកបន្ថែមទៀតនឹងត្រូវចាប់ផ្តើមបញ្ជូនទៅដល់ប្រទេសអាហ្វហ្គានីស្ថាននាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីប្រធានាធីបតី លោក ដូណាល់ ត្រាំ បានប្រកាសពីផែនការយុទ្ធសាស្ត្រថ្មីសម្រាប់អាហ្វហ្គានីស្ថាន។ នេះបើតាមសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០១៧នេះ។
មេបញ្ជាការយោធាអាមេរិក ប្រចាំនៅតំបន់មជ្ឈិមបូព៌ាបានឲ្យដឹងថា លោកឧត្តមសេនីយ៍ Joseph Votel បានថ្លែងថា កងទ័ពថ្មីរបស់អាមេរិក នឹងធ្វើដំណើរទៅដល់អាហ្វហ្គានីស្ថាន នាពេលឆាប់ៗខាងមុខនេះ ដោយវាអាចចំណាយពេលពីប៉ុន្មានថ្ងៃ ទៅប៉ុន្មានសប្តាហ៍ខាងមុខ។ លោកបន្តថា អ្វីដែលសំខាន់បំផុតសម្រាប់ពួកយើងនោះ គឺការបង្កើនសមត្ថភាពខ្លះៗ ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធនារដូវកាលនេះ។
ទោះបីយ៉ាងណាលោកមិនបានបញ្ជាក់ពីចំនួនជាក់លាក់នៃចំនួនកងទ័ពដែលនឹងត្រូវបានបញ្ជូនទៅកាន់ប្រទេសអាហ្វហ្គានីស្ថាននោះនៅឡើយ៕