អង្គការ IRI ក៏​រៀបចំ​ជួយ​បក្សប្រឆាំង​ផ្តួលរំលំ​រដ្ឋាភិបាល​ដូច NDI ដែរ ?
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 August, 2017 ក+ ក-

​ភ្នំពេញ ៖ សម្ព័ន្ធភាព​ស្និទ​នឹង​រដ្ឋាភិបាល​បាន​ថតចម្លង​ដោយ គេហទំព័រ Fresh News និង​ធ្វើការ​ចុះផ្សាយ​ឯកសារ​បែកធ្លាយ​នេះ​។ ខ្លឹមសារ​នៃ​ឯកសារ​បែកធ្លាយ​នេះ​ក៏​ឃើញ​មាន​នៅលើ Facebook ឈ្មោះ «​កូន​ខ្មែរ​» ដោយ​បញ្ជាក់ថា អង្គការក្រៅរដ្ឋាភិបាល​ធំៗ​បី របស់​អាមេរិក ជា​ឆ្មប​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​មេក្លោង​ជួយ​បក្សប្រឆាំង រៀបចំ​ការធ្វើបដិវត្ត​ពណ៌​នៅ​កម្ពុជា​។​
​កាលពី​សប្តាហ៍​មុន​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ NDI ត្រូវបាន​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook មួយ​ឈ្មោះថា «​កូន​ខ្មែរ​» ទម្លាយ​ឯកសារ​ថា ជា​អ្នក​ជួយ​រៀបចំ​ផែនការ​ក្នុងការ​ផ្តួលរំលំ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។
​នៅ​ថ្ងៃទី​២៣ សីហា ឆ្នាំ​២០១៧ នេះ ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី ការសម្រេច​បញ្ឈប់​សក​ម្ម​ភាព​« វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ NDI» ហើយ​បណ្តេញ​បុគ្គលិក​វិទ្យាស្ថាន​នេះ ចេញពី​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​៧​ថ្ងៃ ក្រោម​ហេតុផល​ថា មិនបាន​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ តាមច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ច្បាប់​ស្តីពី​សារពើពន្ធ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
​កាលពី​យប់​ថ្ងៃទី​២២ សីហា ឆ្នាំ​២០១៧ បណ្តាញ​ទំនាក់ទំនង​សង្គម Facebook ឈ្មោះ «​កូន​ខ្មែរ​»​ដដែល បាន​ទម្លាយ​ឯកសារ​ថ្មី​ទៀតថា វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ International Republican Institute ហៅ​កាត់​ថា IRI និង​មូលនិធិ​ជាតិ ដើម្បី​ប្រជាធិបតេយ្យ National Endowment for Democracy ហៅ​កាត់​ថា NED របស់​សហរដ្ឋអាមេរិក ក៏មាន​ចំណែក​រៀបចំ​ផែន​ការជួយ​បក្សប្រឆាំង​នៅ​កម្ពុជា ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន ដូច​អង្គការ NDI ដែរ​។​
​ទោះបីជា​យ៉ាងនេះ​ក្តី ក៏​នៅ​រសៀល​ថ្ងៃទី​២៣ ខែសីហា នេះ រាជរដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ​មិន ទាន់​មានប្រតិកម្ម​បែបណា​នៅឡើយ​ទេ​៕


​ ​