រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នឹងបន្តបើកសវនាការរឿងក្ដី លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដែលសរសេរប្រមាថដល់កងទ័ព នៅលើបណ្តាញសង្គម Facebookនៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នេះ ខណៈដែលសវនាការនេះមានលោក រស់ ពិសិដ្ឋ ជាចៅក្រមជំនុំជម្រះ និង លោកសៀង សុខ ព្រះរាជអាជ្ញារងជាតំណាងអយ្យការ។
សូមរម្លឹកថា លោក សួន សេរីរដ្ឋា ត្រូវបាន លោក រស់ ពិសិដ្ឋ ជាចៅក្រមជំនុំជម្រះ សម្រេចឃុំខ្លួនបណ្ដោះអាសន្នកាលពីល្ងាចថ្ងៃទី១៤ ខែសីហា ក្រោមការចោទប្រកាន់ចំនួន៣បទល្មើស ក្នុងនោះរួមមាន បទញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ តាមបញ្ញត្តិមាត្រា៤៧១ នៃក្រមព្រហ្មទណ្ឌ បទធ្វើឱ្យខូចទឹកចិត្តកងទ័ព តាមបញ្ញត្តិមាត្រា៤៧២នៃក្រមព្រហ្មទណ្ឌ និង បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា៤៩៤និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ៕