រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញនឹងប្រកាសសាលក្រមសំណុំរឿងក្ដី លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរនៅរសៀលនេះ ខណៈដែលព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ នៅតម្កល់ការចោទប្រកាន់ទាំង៣បទល្មើសដដែល ។ នេះបើយោងតាមមន្ដ្រីតុលាការបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់សាវនាការជំនុំជម្រុះក្តីកាលពីល្ងាចម្សិលមិញ។
គួរបញ្ជាក់ថា លោក សួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីរសៀលថ្ងៃទី១៣ សីហា ឆ្នាំ២០១៧ បន្ទាប់បានសរសេរបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ប្រមាថមើលងាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំប្រទេសជាតិ ពិសេសស្ថាប័នកងយោធពលខេមរភូមិន្ទទាំងមូល នូវព្រឹត្តិការណ៍ប្រឈមមុខដាក់គ្នា រវាងកងទ័ពកម្ពុជា និងកងទ័ពឡាវ នៅព្រំដែនខេត្តស្ទឹងត្រែង។
ជាមួយគ្នានេះលោក សួន សេរីរដ្ឋា ត្រូវបាន លោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះ សម្រេចឃុំខ្លួនបណ្ដោះអាសន្ន កាលពីល្ងាចថ្ងៃទី១៤ ខែសីហា ក្រោមការចោទប្រកាន់ចំនួន៣បទល្មើស ក្នុងនោះរួមមាន បទញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ តាមបញ្ញត្តិមាត្រា៤៧១ នៃក្រមព្រហ្មទណ្ឌ បទធ្វើឱ្យខូចទឹកចិត្តកងទ័ព តាមបញ្ញត្តិមាត្រា៤៧២នៃក្រមព្រហ្មទណ្ឌ និង បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា៤៩៤និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងសាររបស់ លោក សួន សេរីរដ្ឋា ដែលបង្ហោះលើ Facebook កាលពីថ្ងៃទី១២ខែ សីហា ឆ្នាំ២០១៧ មានខ្លឹមសារយ៉ាងដូច្នេះថា «ពេលសង្គ្រាម កើតឡើងជាមួយ នឹង ប្រទេសលាវនោះលទ្ធផលវាហ្នឹងមិនខុសពីសង្គ្រាម ដែលកើតឡើងជាមួយ នឹង ប្រទេសសៀមទេ ! គឺកូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា… ហើយមេទ័ពចោរ នឹងឡើងបុណ្យសក្តិ ប្រមូលបានលុយកាក់សប្បាយជាមួយស្រីញី យ៉ាងគគ្រឹកគគ្រេង!។ ពីព្រោះកន្លងមកដូចយើងដឹងហើយ សង្គ្រាមដែលកើត ឡើងជាមួយនឹងប្រទេសសៀម គឺស្លាប់តែកូនខ្មែរអ្នកស្នេហាជាតិ ដែលចូលប្រយុទ្ធនៅជួរមុខទេ។ ចំណែកឯពួកមេៗ ពាក់ផ្កាយ និង កូនលោកធំៗ ដែលនៅជួរក្រោយចេញមុខចេញមាត់នោះ ប្រមូលលុយ ប្រមូលលាភ ហើយដេកតែម៉ាស៊ីនត្រជាក់ ជាមួយស្រីកំដរ ក៏ឡើងបុណ្យឡើងផ្កាយដែរ» ៕