រាជធានីភ្នំពេញ ៖ មន្ត្រីអ្នកនាំពាក្យតុលាការកំពូលបានថ្លែងថា នៅព្រឹកថ្ងៃទី២៥ ខែសីហានេះតុលាការកំពូលនឹងបើកសវនាការសំណុំរឿងអ្នកស្រី ទេព វន្នី និងស្ត្រីបឹងកក់៣ទៀត ពាក់ព័ន្ធបទល្មើស «ប្រមាថអ្នករាជការសាធារណៈ និងបទប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស» ខណៈដែលសវនាការនេះដឹកនាំដោយលោក ឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូល ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោកអគ្គព្រះរាជអាជ្ញារង អ៊ុក គឹមសិទ្ធិ ជាតំណាងមហាអយ្យការ។
គួរបញ្ជាក់ថា ស្ត្រីទាំង ៤នាក់មានឈ្មោះ ទេព វន្នី កំពុងជាប់ពន្ធនាគារ។ ឈ្មោះ ហេង មុំ អាយុ ៤១ឆ្នាំ ឈ្មោះ បូ ឆវី អាយុ ៣៧ឆ្នាំ និង ឈ្មោះ គង់ ចន្ថា អាយុ ៤៣ឆ្នាំ បច្ចុប្បន្ននៅក្រៅឃុំ ធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ សម្រេចដូចគ្នាផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់៦ខែ ពីបទ «ប្រមាថអ្នករាជការសាធារណៈ និងបទប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅចំណុចមុខសាលារាជធានីភ្នំពេញ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១១ តាមមាត្រា៥០២ និងមាត្រា៥០៤ នៃក្រមព្រហ្មទណ្ឌ៕