ចេញពី​ផឹកស៊ី​បើកបរ​រេ​ពេញ​ផ្លូវ ត្រូវ​រថយន្តបុក​ពីក្រោយ​រងរបួស​ធ្ងន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 August, 2017 ក+ ក-

​ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ត្រូវ​រថយន្ត​មន​ម៉ាក​មួយគ្រឿង​បុក​ពីក្រោយ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ខណៈ​កំពុង​ជិះ​ម៉ូតូ​ចេញ​មកពី​ហូប​ស៊ុប​ជាមួយ​ក្រុមគ្រួសារ​រួច​ត្រឡប់មកផ្ទះ ដែល​ករណីនេះ​កើតឡើង​នៅវេលា​ម៉ោង​២០ និង​៤៥​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​០៥ ត្រង់ចំណុច​មុខ​វត្ត​សូរិយា ភូមិ​គារ​៣ ឃុំ​គារ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។​
​ជនរងគ្រោះ​ឈ្មោះ ប៉ិច ផល្លី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​មុខរបរ ជា​គ្រូបង្រៀន រស់នៅ​ភូមិ​រាម​គន់ ឃុំ​គារ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង បណ្តាលអោយ​មនុស្ស​០១​នាក់​របួស (​ធ្ងន់ ) ជិះ​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​បាត់ដំបង​១N-២៧៥៩​។​ ចំណែករថយន្តបង្កបើករត់គេចខ្លួនបាត់ស្រមោល។
​បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវ​ក្រុមគ្រួសារ​បញ្ជូនមក​មន្ទី​រ​ពេទ្យ​បង្អែក​ស្រុក​មោងឫស្សី រួច​បញ្ជូន​បន្តទៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ចំណែក​ម៉ូតូ​ត្រូវបាន​ប៉ូលិស​យក​រក្សាទុក​នៅ​អធិការ​មោងឫស្សី​៕