ប៉េកាំង ៖ កាលពីចុងសប្ដាហ៍មកនេះក្រសួងពាណិជ្ជកម្មនៅប្រទេសចិនបានប្រកាសពីទណ្ឌកម្មថ្មីបំផុតមួយចំនួនដោយហាមឃាត់បុគ្គល និងសហគ្រាសមួយចំនួនមកពីប្រទេសកូរ៉េខាងជើងមិនឲ្យធ្វើជំនួញថ្មីទៀតនៅប្រទេសចិន។ ការសម្រេចចិត្តរបស់ប្រទេសចិននេះគឺចង់ធ្វើឲ្យស្របតាមទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិដែលបានអនុម័តនៅដើមខែនេះនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។
ក្រសួងពាណិជ្ជកម្មបាននិយាយថា វិធានការថ្មីរបស់ប្រទេសចិននេះបានហាមឃាត់បុគ្គលមួយចំនួនមកពីប្រទេសកូរ៉េខាងជើងមិនឲ្យចូលទៅបង្កើតសហគ្រាសបណ្ដាក់ទុនរួមថ្មីទៀតនៅប្រទេសចិន ចំណែកក្រុមហ៊ុនកូរ៉េខាងជើងដែលបើកដំណើរការរួចហើយនៅប្រទេសចិននឹងមិនអនុញ្ញាតឲ្យបង្កើនទុនវិនិយោគរបស់ខ្លួនបានទៀតទេ។
ទន្ទឹមនេះដែរក្រសួងពាណិជ្ជកម្មចិនក៏នឹងមិនអនុញ្ញាតឲ្យក្រុមហ៊ុនចិនមួយចំនួនដាក់ពាក្យស្នើសុំបង្កើនវិនិយោគរបស់ខ្លួនថែមទៀតនៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មកនេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលចំនួន៣គ្រាប់ទំនងជាការផ្គើននឹងទណ្ឌកម្មថ្មីរបស់ចិននេះ និងការធ្វើលំហាត់យោធារួមគ្នារវាងសហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូងដែលកំពុងប្រព្រឹត្តទៅនៅភាគខាងត្បូងឧបទ្វីបកូរ៉េនេះផងដែរ៕