ខេត្តក្រចេះ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតបានរងរបួស បន្ទាប់ពីបាក់ដីរណ្ដៅជីករ៉ែមាសមួយកន្លែង នៅយប់ថ្ងៃទី២៧ ឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះ នៅចំណុចត្រូន ភូមិអូរពោរ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ (នៅជិតព្រំប្រទល់ខេត្តមណ្ឌលគិរី) ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងហេតុការណ៍នេះ បណ្ដាលឲ្យរងគ្រោះថ្នាក់ដល់មនុស្ស២នាក់ ឈ្មោះ ញ៉ែត ផាត អាយុ២៣ឆ្នាំ មានទីលំនៅភូមិដំណាក់ត្រាច ឃុំកណ្តោលស្រុកទឹកឈូក ខេត្តកំពត របួសត្រូវចំដៃខាងឆ្វេង និងប្រអប់ជើងខាងធ្វេង និងឈ្មោះ ហួន វាសនា អាយុ៣៣ឆ្នាំ មានទីលំនៅភូមិបាជ័យ ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ របួសត្រូវចំក្បាល និងហូរឈាមតាមត្រចៀក (ស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យបង្អែក)។ សមត្ថកិច្ចបញ្ជាក់ថា ទីតាំងដែលបាក់រណ្ដៅជីករ៉ែមាសនេះជារបស់ឈ្មោះ គង់ ប៊ុននាង ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅភូមិអូរឫស្សី១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ៕