រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រតិកម្មខ្លាំងៗ ចំពោះតម្លៃទឹកដែលឡើងថ្លៃខុសប្រក្រតី ហើយបានបញ្ជាឲ្យស្ថាប័នពាក់ព័ន្ធសងលុយជូនពលរដ្ឋវិញនូវតម្លៃលើសដែលពលរដ្ឋបានបង់កន្លងមក ។ ប៉ុន្តែភ្លាមៗនោះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បាន ប្រកាស ទទួលស្គាល់ពីកំហុសបច្ចេកទេស របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលគណនា និងចេញវិក្កយបត្រ ពុំត្រឹមត្រូវ បណ្ដាលឲ្យមានការកើនតម្លៃទឹកប្រើប្រាស់របស់ពលរដ្ឋ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្ត កណ្ដាល។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មនៅថ្ងៃទី២៨សីហានេះ បានឲ្យដឹងថា អនុវត្តនយោបាយបញ្ចុះថ្លៃលក់ទឹក របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចេញសេចក្ដីសម្រេចស្ដីពី ការកែសម្រួលថ្លៃលក់ទឹកស្អាត ដែលផលិត និងផ្គត់ផ្គង់ដោយ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លេខ១៤៩ MIH/2007 ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ ដោយបានបន្ថែមក ម្រិតប្រើប្រាស់ ពី០ ទៅ៣ម៉ែត្រគូប ថ្លៃត្រឹមតែ៤០០រៀល ក្នុង១ម៉ែត្រគូបតែប៉ុណ្ណោះ ដែលពីមុនមានតម្លៃ៥៥០ រៀល ក្នុង១ម៉ែត្រគូប ៕