អ្នកធ្វើដំណើរ​តាម​រថយន្តក្រុង​កើនឡើង​ជាង​៩០០០​នាក់​ក្នុង​មួយថ្ងៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 August, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ ប្រធាន​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ជិះ​រថយន្ត​ក្រុងមាន ប្រមាណ​ពី​៩,០០០​នាក់ ទៅ​៩,៥០០​នាក់ ក្នុង​មួយថ្ងៃៗ ហើយ​ក្រោយពី​ទទួលបាន​អនុសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​រួចមក រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បន្ថែម​ខ្សែ​រត់​ចំនួន​៥​ខ្សែ​ទៀត ដើម្បី​កាន់តែ​គៀក​ជិត​កម្មករនិយោជិត​។​
​លោក អ៊ា​ន សុ​ឃីម ប្រធាន​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណ​នៃ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ថ្លែង​បែបនេះ​នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ស្ថានភាព នៃ​ការគ្រប់គ្រង​ស្ថាប័ន​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង នា​ព្រឹក​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​
​លោក អ៊ា​ន សុ​ឃីម បាន​ឲ្យ​ដឹងថា សព្វថ្ងៃ​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង មាន​បុគ្គលិក​បម្រើ​ការងារ​ចំនួន ២៩៣​នាក់ អ្នកបើកបរ ១២០​នាក់ អ្នកលក់​សំបុត្រ ១២០​នាក់​។ ក្នុង​ឆ្នាំ​២០១៦ កន្លងទៅ មាន​អ្នកធ្វើដំណើរ​តាម​រថយន្តក្រុង​ចំនួន ២,៣៤០,៧៧៧​នាក់ គឺ​ស្មើនឹង ៦,០៨០​នាក់ ក្នុង​មួយថ្ងៃ​។ ដោយឡែក ក្នុង​ឆ្នាំ​២០១៧​នេះ អ្នកធ្វើដំណើរ​តាម​រថយន្តក្រុង​កើនឡើង​ពី ៩,០០០ ទៅ ៩,៥០០​នាក់ ក្នុង​មួយថ្ងៃ​។​
​លោក​បន្តថា ខ្សែ​រត់​ចំនួន​៥​ខ្សែ​បន្ថែមទៀត នឹងដាក់​ឲ្យ​ដំណើរការ​ជា​បន្តបន្ទាប់ នាពេលខាងមុខ ក្នុងនោះ​ខ្សែ​ទី​៤ និង​ទី​៥ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៧ ហើយ​ខ្សែ​ទី​៦ ទី​៧ និង​ទី​៨ នឹងដាក់​ឲ្យ​ដំណើរការ​នៅ​ថ្ងៃទី​០៨ ខែកញ្ញា ខាងមុខ​។ ខ្សែ​រត់​ថ្មី​នេះ នឹង​ទៅដល់​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ គឺ​ទៅ​ឲ្យ​ដល់​គៀក​ជិត​នឹង​បងប្អូន​កម្មករ​-​កម្មការិនី​។​
​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថា ការបង្កើត​ឲ្យ​មាន​សេវា​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​នេះ គឺជា​ការឆ្លើយតប និង​គិតគូរ​ពី​ស្ថានភាព​វិ​វត្ត នៃ​សេដ្ឋកិច្ចកម្ពុជា ដែលមាន​ការរីកចម្រើន និង​ដើម្បី​លើកកម្ពស់​សោភ័ណភាព សណ្តាប់ធ្នាប់ កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ទីក្រុង លើកកម្ពស់​ផាសុកភាព និង​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ហើយក៏​ចង់​ឲ្យ​មាន​ការកែ​ទម្លាប់​ពី​ការប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​ផ្ទាល់ខ្លួន មក​ប្រើ​សេវា​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​នេះ​វិញ​។​
​លោក​ក៏បាន​ណែនាំ​ឲ្យ​មន្ត្រី​ទទួលបន្ទុក ក្នុង​ស្ថាប័ន​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង ត្រូវ​បន្ត​យកចិត្តទុកដាក់​លើ​ការរៀបចំ​ទីតាំង​ចំណត និង​រោង​ជាង​សម្រាប់​រថយន្តក្រុង រួមទាំង​ត្រូវមាន​ជាង​ទទួល​ប្រាក់ខែ​សម្រាប់​ជួសជុល​រថយន្ត​ផងដែរ​។ ត្រូវមាន​ការទទួលខុសត្រូវ និង​ចេះ​ច្នៃប្រឌិត កុំ​ចេះ​ត្រឹមតែ​រាយការណ៍​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​ឲ្យ​ដោះស្រាយ​នោះ​។ ចំណែក អាជ្ញាធរ​ខណ្ឌ​/​សង្កាត់ ក៏ត្រូវ​រួមសហការ​រៀបចំ​សណ្តាប់ធ្នាប់​នៅតាម​ចំណតរថយន្ត​ក្រុង​ឲ្យ​បានល្អ​ប្រសើរ​ផងដែរ​។​
​ទន្ទឹម​នោះ​លោក ឃួ​ង ស្រេង ក៏បាន​ក្រើនរំឭក​ដល់​អ្នកបើកប​រ​រថយន្តក្រុង​សាធារណៈ​ទាំងអស់ ត្រូវមាន​ក្រមសីលធម៌​វ​ជ្ជា​ជីវៈ​ជា​អ្នកបើកបរ មានការ​យោគយល់ គោរព​ច្បាប់​ចរាច​ណ៍ ដើម្បី​បញ្ជៀ​ស​នៅ​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេងៗ រដ្ឋបាល​រាជធានី​គ្រោង​បង្កើតឱ្យមាន​លេខ​ទូរស័ព្ទ​ហ​ត​ឡាញ (Hot Line) និង​បង្ហាញ​នៅក្នុង​រថយន្តក្រុង​ផ្ទាល់ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ផ្តល់ដំណឹង​ជូន​អាជ្ញាធរ ងាយស្រួល​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ ដែល​ទទួល​សេវាកម្ម​រថយន្តក្រុង​ផងដែរ ៕