សេអ៊ូល ៖ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ បានរាយការណ៍មុននេះថា ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UNSC) នឹងបើកកិច្ចប្រជុំជាបន្ទាន់មួយនាថ្ងៃអង្គារនេះ ដើម្បីជជែកពិភាក្សាអំពីការបាញ់សាកល្បងមីស៊ីលផ្លោងយ៉ាងគគ្លើនចុងក្រោយបំផុតរបស់កូរ៉េខាងជើង ដែលបានហោះឆ្លងកាត់ប្រទេសជប៉ុន តបតាមការស្នើសុំពីសំណាក់សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន។
គួរបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ៥ និង៥៧នាទីព្រឹកមិញនេះ (ពេលវេលានៅទីក្រុងសេអ៊ូល) កូរ៉េខាងជើងបានបាញ់សាកល្បងស៊ីលមួយគ្រាប់ចេញពីតំបន់ Sunan ក្នុងរដ្ឋធានីព្យុងយ៉ាងឆ្ពោះទៅភាគឦសាន និងបានហោះឆ្លងកាត់ពីលើប្រទេសជប៉ុន មុននឹងធ្លាក់ចូលទៅក្នុងភាគខាងត្បូងមហាសាគរប៉ាស៊ីហ្វិក ដោយរត់បានចម្ងាយជាង ២,៧០០គីឡូម៉ែត្រ ក្នុងរយៈកម្ពស់អតិបរមាប្រមាណ៥៥០គីឡូម៉ែត្រ។
ជាមួយគ្នានេះរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា មីស៊ីលកូរ៉េខាងជើងបានហោះឆ្លងកាត់ពីលើតំបន់ភ្នំ ខេប អ៊ីរីម៉ូ (Cape Erimo) ដែលស្ថិតនៅខាងចុងកោះហុកកៃដូ (Hokkaido) ភាគខាងជើងប្រទេសជប៉ុន ហើយធ្លាក់ចូលទៅក្នុងដែនទឹកចម្ងាយ ១,១៨០គីឡូម៉ែត្រពីទីនោះ៕