រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានអន្តរាគមន៍ពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការសហការសម្របសម្រួលដោយលោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កម្មការិនីខ្មែរម្នាក់ដែលរងគ្រោះជិត១៣ឆ្នាំនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត នោះឥឡូវនេះបានមកដល់កម្ពុជាហើយ ។ ស្ត្រីរងគ្រោះបានធ្វើដំណើរមកដល់មាតុភូមិកម្ពុជាវិញ នៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ នេះ ។
នារីរងគ្រោះមានឈ្មោះ ម៉ាត់ សាណាស អាយុ២៨ឆ្នាំ រស់នៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានទៅបម្រើការងារជាស្ត្រីមេផ្ទះនៅប្រទេសអារ៉ាប៊ីសាអូឌិត តាំងពីអាយុ១៧ឆ្នាំមកម្ល៉េះ តាមរយៈក្រុមហ៊ុនមួយក្នុងប្រទេសកម្ពុជា តែនាងមិនស្គាល់ឈ្មោះក្រុមហ៊ុនបោកប្រាស់នោះទេ។ នារីរងគ្រោះបញ្ជាក់ថា ពេលទៅដល់ប្រទេសអារ៉ាប់ប៊ីសាអូឌិត ក្នុងការងារជាស្ត្រីមេផ្ទះ នាងត្រូវគេប្រើតាមតែអំពើចិត្តហួសកម្លាំងពលកម្ម គ្មានសេរីភាពទេ ម្ចាស់ផ្ទះក៏មិនបើកប្រាក់ខែឲ្យទៀត ឯក្រុមហ៊ុននាំទៅ និងក្រុមហ៊ុនទទួលនោះ ក៏មិនដែលទៅតាមដានមើល យកចិត្តទុកដាក់ និងដោះស្រាយបញ្ហាឲ្យនាងនោះទេ ។
នារីរងគ្រោះបានរៀបរាប់ថា អស់រយៈពេលជិត១៣ឆ្នាំ នាងមិនដែលទទួលបានប្រាក់ឈ្នួលឡើយ លិខិតឆ្លងដែន និងឯកសារពាក់ព័ន្ធត្រូវម្ចាស់ផ្ទះដកហូត និងបំផ្លាញចោលអស់ ។ ប្រឈមការលំបាកនោះរូបនាង ប៉ុន្តែកញ្ញាបានអំពាវនាវសុំកិច្ចអន្តរាគមន៍តាមរយៈ Facebook ក៏មានការផ្សព្វផ្សាយចែកចាយបន្ត រហូតដល់សាយភាយព័ត៌មាននេះដល់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏មានការអន្តរាគមន៍ជួយរូបនាងវិលត្រឡប់មកកម្ពុជាវិញ ៕