អ្នកភូមិ​ព្រែក​តា​គង់ ធ្វើបាតុកម្ម​ប្រឆាំងឧកញ៉ា ឃុន សៀ ធ្វើ​របង​បិទផ្លូវ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 March, 2015 ក+ ក-

ភ្នំពេញ​: ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ព្រែក​តា​គង់​២ និង​ភូមិ​ព្រែក​តា​គង់​៣ ដែល​ស្ថិតក្នុង​សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ បាន​នាំ​ធ្វើបាតុកម្ម ប្រឆាំង​តវ៉ា​ទៅនឹង​ក្រុមហ៊ុន​ឯកជន​មួយ ដែល​បានធ្វើ​របង​ស័ង្កសី បិទផ្លូវ​ប្រជាពលរដ្ឋ មិន​ឲ្យ​ធ្វើដំណើរ ដោយសារ​តែមាន ឧកញ៉ា ឃុន សៀ នៅ​ពី​ក្រោយខ្នង​។​

​ការធ្វើ​បាតុកម្ម​របស់ ប្រជាពលរដ្ឋ គឺមាន​ការដុត​កង់ឡាន និង​លើក​បដា ស្រែក​តវ៉ា​ទាមទារ ឲ្យ​ក្រុមហ៊ុន​បើកផ្លូវ​។ ការធ្វើ​បាតុកម្ម​នេះ គឺ​បាន​ឈានចូល​ដល់ ថ្ងៃទី​២​ហើយ ចាប់តាំងពី​ថ្ងៃទី​៦ និង​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៥​។ រហូតមកដល់​ពេលនេះ នៅ​មិនទាន់ មាន​ដំណោះស្រាយ​នៅឡើយ​ទេ​។​

​នៅក្នុង​ការធ្វើ​បាតុកម្ម ប្រជាពលរដ្ឋ បាន​សម្តែង​ការខឹង​សម្បា​យ៉ាងខ្លាំង ដោយបាន​ដុត​កង់ឡាន និង​ទាញ​ផ្តួលរំលំ របង​ស័ង្កសី​បិទផ្លូវ មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​។ ចំណែក​ខាង​ក្រុមហ៊ុន បានដាក់​កងកម្លាំង​មួយចំនួន​នៅក្នុង​ដី​ក្រុមហ៊ុន ដោយ​ខ្លាច​មាន​ប្រជាពលរដ្ឋ​សម្រុកចូល​។​

​យោងតាម​លិខិត​របស់លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ ផ្ញើជូន​លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ នៅ​ភូមិ​ព្រែក​តា​គង់​២ និង​ភូមិ​ព្រែក​តា​គង់​៣ សង្កាត់​ចាក់អង្រែលើ ប្រមាណ​៥០​នាក់ ស្នើសុំ​អាជ្ញាធរ ជួយ​អន្តរាគមន៍ បើកផ្លូវ​ទទឹង​១០​ម៉ែត្រ ត​ភា្ជ​ប់​ពី​ផ្លូវ​ភូមិ មក​មហាវិថី​សម្តេច​ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) កាត់​លើដី​កម្មសិទ្ធិ​របស់លោក ឃុន សៀ និង​លោក ធាង ទ្រី តែ​ការស្នើសុំ​នេះ ពុំទាន់​មានការ​ព្រមព្រៀង​ពី​ម្ចាស់​កម្មសិទ្ធិ​នៅឡើយ​ទេ​។​

​តំណាង​ប្រជាពលរដ្ឋ បាន​និយាយថា ពួកគាត់​តវ៉ា​នេះ គឺ​សូម​ឲ្យ​ក្រុមហ៊ុន បើកផ្លូវ​វិញ ដើម្បី​ប្រជាពលរដ្ឋ​ធ្វើដំណើរ​។ ប្រជាពលរដ្ឋ មិនមែន​ចង់​តវ៉ា​ទៅ​បាញ់បោះ ជាមួយ​ក្រុមហ៊ុន​ទេ ហើយ​មិនចាំបាច់ ក្រុមហ៊ុន​យក​កម្លាំង​ទាហាន មក​តតាំង​ជាមួយ​ប្រជាពលរដ្ឋ​ទេ​៕ CEN

People-Khun-Sier_CEN_7_3_15-2People-Khun-Sier_CEN_7_3_15-1