តូក្យូ ៖ លោក Itsunori Onodera រដ្ឋមន្ត្រីការពារជាតិជប៉ុនបានអះអាងថា មីស៊ីលផ្លោងដែលកូរ៉េខាងជើងបាញ់សាកល្បងរំលងពីលើប្រទេសជប៉ុនកាលពីព្រឹកម្សិលមិញអាចរត់ដល់កោះហ្គាំ ដែលជាទឹកដីរបស់សហរដ្ឋអាមេរិកបានយ៉ាងងាយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik។
លោក Onodera បន្តថា ប្រភេទរបស់មីស៊ីលដែលត្រូវបានបាញ់ដោយទីក្រុងព្យុងយ៉ាងកាលពីព្រឹកថ្ងៃអង្គារនោះមានសក្តានុពលដែលអាចហោះបានឆ្ងាយរហូតដល់កោះហ្គាំរបស់សហរដ្ឋអាមេរិក ដែលស្ថិតនៅភាគខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក ដោយសារចម្ងាយរត់របស់មីស៊ីលនេះ អាចដល់៥,០០០គីឡូម៉ែត្រ ដូច្នេះហើយវាជាក់ច្បាស់ណាស់ថា វាគឺជាប្រភេទ មីស៊ីលដែលអាចរត់ដល់កោះហ្គាំ។ លោកបញ្ជាក់ថា មីស៊ីលកូរ៉េខាងជើងដែលទើបសាកល្បងមួយគ្រាប់នេះ ទំនងជាប្រភេទ Hawsong-12 ដែលមានរយៈចម្ងាយចន្លោះពី៣,៧០០គីឡូម៉ែត្រដល់៦,០០០គីឡូម៉ែត្រ ខណៈកោះហ្គាំរបស់សហរដ្ឋអាមេរិក ស្ថិតនៅចម្ងាយតែ៣,៤៣០គីឡូម៉ែត្រប៉ុណ្ណោះ ពីប្រទេសកូរ៉េខាងជើង
គួររម្លឹកថា កាលព្រឹកថ្ងៃអង្គារនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោង០១គ្រាប់ ដែលបានហោះរំលងប្រទេសជប៉ុន មុនធ្លាក់ចូលទៅក្នុងមហាសាគរ ប៉ាស៊ីហ្វិកនៅចម្ងាយ១,១៨០គីឡូម៉ែត្រ ភាគខាងកើតកោះហុកកៃដូ ហើយធ្វើដំណើរបានជាង២,៧០០គីឡូម៉ែត្រ៕