យូអិន ៖ តំណាងជាន់ខ្ពស់របស់ប្រទេសរុស្ស៊ី ប្រចាំនៅអង្គការសហប្រជាជាតិ លោក Vasily Nebenzya បានថ្លែងថា វាមិនអាចទៅរួចនោះទេ ក្នុងការប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហានៅតំបន់ឧបទ្វីបកូរ៉េនោះ។ នេះបើយោងតាមការចេញផ្សាយដោយបណ្តាញសារព័ត៌មានរុស្ស៊ី Sputnik។
លោក Nebenzya បានអះអាងថា ការធ្វើឲ្យស្ថានការណ៍ឧបទ្វីបកូរ៉េ វិលទៅរកភាពធម្មតាវិញនោះ គឺតម្រូវឲ្យភាគីទាំងពីរថយមួយជំហានម្នាក់ នោះគឺកូរ៉េខាងជើងត្រូវបញ្ឈប់ការធ្វើតេស្តមីស៊ីល- នុយក្លេអ៊ែរ ហើយអាមេរិក-កូរ៉េខាងត្បូង ក៏ត្រូវតែបញ្ឈប់ការធ្វើសមយុទ្ធយោធារវាងគ្នា និងការដាក់ពង្រាយប្រព័ន្ធខែលការពារគ្រាប់មីស៊ីលកម្រិតខ្ពស់ ដែលហៅថា THAAD នោះផងដែរ។ ទន្ទឹមនោះលោករំពឹងថា ក្រុមប្រឹក្សាសន្តិសុខទៅលើបញ្ហាកូរ៉េខាងជើងនេះនឹងផ្តល់នូវលក្ខខណ្ឌគ្រប់យ៉ាងដើម្បីដោះស្រាយវិបត្តិ។
ជាមួយគ្នានោះលោកក៏បានសង្កត់ធ្ងន់ដែរថា គំនិតរបស់ប្រទេសចិន និងរុស្ស៊ី គឺតំណាងឲ្យដំណោះស្រាយគ្រប់យ៉ាងដែលអាចយកទៅសម្រួលវិបត្តិនានា ឲ្យប្រសើរឡើងវិញបាន៕