ខេត្តកណ្ដាល ៖ ប្រជាពលរដ្ឋបាននិយាយថា មេឃុំអរិយក្សត្រមកពីគណបក្សសង្គ្រោះជាតិ ជាដើមហេតុនាំឲ្យប្រជាពលរដ្ឋទៅចាប់ដីរដ្ឋយ៉ាងអាណាធិបតេយ្យ ព្រោះថា ពេលឃោសនា បោះឆ្នោតឃុំ/សង្កាត់ គឺបេក្ខភាពមេឃុំនិងជាមេឃុំបច្ចុប្បន្នបានឃោសនាថា បើសង្គ្រោះជាតិជាប់ ឆ្នោតនឹងប្រគល់ដីតំបន់នោះឲ្យទៅប្រជាពលរដ្ឋ ។ ដូច្នេះហើយទើបពួកគាត់ ទៅចាប់យក ព្រោះខ្លាចទៅមិនទាន់គេ ។
សូមជម្រាបថា ប្រជាពលរដ្ឋសរុបជិត៣០០គ្រួសារ បានផ្អើល និងនាំគ្នាទៅចាប់យកដីរដ្ឋ (ដីមាត់ប្រឡាយ) ទាំងខុសច្បាប់ នៅតំបន់អរិយក្សត្រ ក្នុងឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល យ៉ាងអនាធិបតេយ្យ ។ ប៉ុន្តែប្រជាពលរដ្ឋសរុបជិត៣០០គ្រួសារ ដែលបានផ្អើល និងនាំគ្នាទៅចាប់យកដីរដ្ឋ (ដីមាត់ប្រឡាយ)នោះ បានអះអាងថា មុនពេលបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ លោកស្រី ទូច សាវុធ ដែលជាបេក្ខភាពមកពីគណបក្ស សង្គ្រោះជាតិនោះ បានសន្យាថា នៅពេលដែលខ្លួនជាប់ឆ្នោតជាមេឃុំខ្លួននឹងឲ្យដីខាងលើនេះទៅប្រជាពលរដ្ឋ ។
ប្រជាពលរដ្ឋបានបន្តថា ក្នុងពេលដែលប្រជាពលរដ្ឋភ្ញាក់ផ្អើល ទៅចាប់យកដ៏ក៏ស្រាប់តែមេឃុំអរិយក្សត្រ មកពីគណបក្សសង្គ្រោះជាតិ លោកស្រី ទូច សាវុធ បានចេញសេចក្ដីជូនដំណឹងថា នេះជាទង្វើខុសច្បាប់ទៅវិញ ដោយបញ្ជាឲ្យ រុះរើសសំណង់នោះចេញជាបន្ទាន់ ។ យោងតាមលិខិតបានបញ្ជាក់ថា «មេឃុំអរិយក្សត្រ សូមណែនាំថា នេះជាទង្វើខុសច្បាប់ និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ហេតុដូច្នេះ ស្នើរុះរើសសំណង់ដែលបានទន្ទ្រានសាងសង់ខុសច្បាប់ទាំងអស់នេះ ចេញពីទីតាំងទាំងនោះ ជាបន្ទាន់ ដោយទុករយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ (ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧)»។
សូមជម្រាបថា ក្នុងរយៈពេល៤-៥ថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋសរុបជិត៣០០គ្រួសារ បានផ្អើល និងនាំគ្នាទៅចាប់យកដីរដ្ឋ (ដីមាត់ប្រឡាយ) ទាំងខុសច្បាប់ នៅតំបន់អរិយ៍ក្សត្រ ក្នុងឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល យ៉ាងអនាធិបតេយ្យ ហើយអាជ្ញាធរ និងសមត្ថកិច្ច ក៏បានចុះទៅទប់ស្កាត់ និងធ្វើការសម្របសម្រួលពន្យល់ពីផ្លូវច្បាប់ ក៏ដូចជាណែនាំឲ្យប្រជាពលរដ្ឋទាំងនេះ បញ្ឈប់សកម្មភាពរបស់ខ្លួន ប៉ុន្ដែលទ្ធផលនៃការសម្របសម្រួលរបស់អាជ្ញាធរ មិនទាន់ទទួលបានប្រសិទ្ធភាពទាំងស្រុងនៅឡើយទេ បើទោះបីប្រជាពលរដ្ឋខ្លះ បានផ្អាកសកម្មភាពនេះក៏ដោយ ៕