ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​មន្ដ្រីរាជការ​ទាំងអស់​ទទួលបាន​ប្រាក់ឧបត្ថម្ភ ៤ ម៉ឺន​រៀល​ក្នុង​ម្នាក់ៗ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 March, 2015 ក+ ក-

ភ្នំពេញ​៖​មន្ដ្រីរាជការ​ស៊ីវិល​ទាំងអស់​នឹងត្រូវ​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​នៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​សម្រាប់​ឆ្នាំ​២០១៥​នេះ​ចំនួន ៤ ម៉ឺន​រៀល ក្នុង​ម្នាក់ៗ​។​

​យោងតាម​អនុក្រឹត្យ​ចេញ​ដោយ​ប្រមុខ​រដ្ឋាភិបាល​លោកនាយករ​ដ្ខ​មន្ត្រី​ហ៊ុន សែន ចុះហត្ថលេខា​នៅ​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹង ថា រាជរដ្ឋាភិបាល​សម្រេច​ផ្ដល់ប្រាក់​ឧបត្ថម្ភ ក្នុងឱកាស​បុណ្យ ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ នៅ​ឆ្នាំនេះ ចំនួន​៤​ម៉ឺន​រៀល ក្នុង​ម្នាក់ៗ ជូន​ដល់​មន្ដ្រីរាជការ​ស៊ីវិល នៃ​ក្រុម​នីតិប្បញ្ញត្ដិ នីតិ​ប្រតិ​ប​ត្ដិ និង​តុលាការ មន្ដ្រីនគរបាល​ជាតិ​ក​ម្ពុ​ជា យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ​។​

​ក្រៅពីនេះ​សមាជិក​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ដ ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រធានភូមិ អនុប្រធាន​ភូមិ សមាជិក​ភូមិ មន្ដ្រីរាជការ​ជាប់កិច្ចសន្យា និង​បុគ្គលិក​បណ្ដែត ដែល​កំពុង​បម្រើ ការងារ​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​និ​វត្ដ​ជន ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ ជន​បាត់បង់​សមត្ថភាព​ការងារ និង​ជន ពិការ ដែលជា​អតីតមន្ដ្រី​រាជការ​ស៊ីវិល អតីត​យោធិន​នៃ​កង​យោពល​ខេមរភូមិន្ទ អតីតមន្ដ្រី នគរបាលជាតិ​កម្ពុជា ក៏​ទទួលបាន​ប្រាក់ឧបត្ថម្ភ​៤​ម៉ឺន​រៀល​នេះដែរ​។​

ការបើកប្រាក់​ឧបត្ថម្ភ​ខាងលើនេះ ត្រូវ​អនុវត្ដ​ឲ្យ​បាន​មុន​ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំមមែ សប្ដស័ក ពុទ្ធសករាជ​២៥៥៩ និង​គោរព​តាម​គោលការណ៍​ដូចខាងក្រោម​៖
១) ក្រសួង ស្ថាប័ន ដែល​បានរៀបចំ ការបើក​គណនី​បៀវត្ស​ជូន​មន្ដ្រីរាជការ បុគ្គលិក និង​ភ្នាក់ងារ​សាធារណៈ​របស់ខ្លួន​រួច ហើយ ត្រូវធ្វើ​ការបើកប្រាក់​ឧបត្ថម្ភ​នេះ ចូលទៅក្នុង​គណនី​បៀវត្ស​របស់​សាមីជន​ម្នាក់ៗ ផ្ទាល់​តែម្ដង​។​

២) ក្រសួង ស្ថាប័ន ត្រូវ​រៀបចំ​បើក​គណនី​បៀវត្ស​ជូន​មន្ដ្រី​ជាប់កិច្ចសន្យា និង​បុគ្គលិក បណ្ដែត​ទាំងអស់ របស់ខ្លួន​ឲ្យ​បាន​រួចរាល់ និង​ត្រូវធ្វើ​ការបើក​ផ្ដល់ប្រាក់​ឧបត្ថម្ភ ទៅក្នុង​គណនី បៀវត្ស របស់​មន្ដ្រី​ជាប់កិច្ចសន្យា និង​បុគ្គលិក​បណ្ដែត​ម្នាក់​។​

៣) ក្រសួង ស្ថាប័ន និង​អង្គភាព ដែល​មិនទាន់បាន​បើក​គណនី​បៀវត្ស សម្រាប់​មន្ដ្រីរាជការ បុគ្គលិក និង​ភ្នាក់ងារ​សាធារណៈ​របស់ខ្លួន ត្រូវ​ចាត់ចែង​ការបើក​ផ្ដល់ប្រាក់​ឧបត្ថម្ភ ឲ្យ​បាន​ដល់ដៃ​សាមីជន​ម្នាក់ៗ គ្រប់​ចំនួន និង​ទាន់ពេលវេលា​។​

៤) និ​វត្ដ​ជន ដែលជា​អតីតមន្ដ្រី​រាជការ​ស៊ីវិល អតីត​យោធិន​នៃ​កង​យោពល​ខេមរភូមិន្ទ និង​អតីតមន្ដ្រី​នគរបាលជាតិ​កម្ពុជា ដែល​កំពុង​បំពេញការងារ​ជាម​ន្ដ្រី​ជាប់កិច្ចសន្យា បុគ្គលិក​បណ្ដែត សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រធានភូមិ អនុប្រធាន​ភូមិ ឬ​សមាជិក​ភូមិ ត្រូវ​ទទួល​ប្រាក់ឧបត្ថម្ភ​តែមួយ​កន្លែង ដែល​ចាត់ចែង ដោយ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិ សម្បទា​។​

៥) ក្រសួង ស្ថាប័ន ត្រូវ​ទទួលខុសត្រូវ ក្នុងការ​ពិនិត្យ​ផ្ទៀងផ្ទាត់ រៀបចំ​សំណើ និង​ធ្វើការ​បើកប្រាក់​ឧបត្ថម្ភ ដែល​បានកំណត់​ក្នុង​អនុក្រឹត្យ​នេះ ដោយ​មិន​រាប់បញ្ចូល​មុខសញ្ញា​និ​វត្ដ​ជន ក្នុង​ចំណុច​ទី​៤​ខាងលើនេះ​។​

អនុក្រឹត្យ​របស់​រាជរ​ដ្ឋា​ភិ​បាល បានបញ្ជាក់ ថា ក្រសួង ស្ថាប័ន​ជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​លើកសំណើ​ជាក់ស្ដែង អំពី​ចំនួន​មន្ដ្រីរាជការ​ដែល​ត្រូវ ទទួល​ប្រាក់ឧបត្ថម្ភ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាការ​ប្រញាប់ ដើម្បី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រៀបចំ​ប្រកាស​បន្ថែម ឥណទាន​ថវិកា​ជូន​ទាន់ពេលវេលា និង​ធានា​ឲ្យ​ការបើក​ប្រាក់ឧបត្ថម្ភ​នេះ អនុ​វត្ថ​បាន​ទាន់ពេលវេលា​៕

bbb

លោកនាយករ​ដ្ខ​មន្ត្រី ហ៊ុន សែន បើក​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​រដ្ឋសភា