ក្រសួង​អប់រំ​ចាប់ផ្ដើម​ដំណើរការ​បូក​ស្រង់​ពិន្ទុ និង​ផ្ទៀងផ្ទាត់​វិញ្ញាសា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 August, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ យោងតាម​បណ្ដាញ Facebook របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹងថា នៅ​ល្ងាច​ថ្ងៃទី​៣០ ខែសីហា ដំណើរការ​កំណែ​មុខវិជ្ជា​ទាំង​១០​មណ្ឌល នៃ​ការប្រឡង​សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​២១ សីហា ២០១៧ ត្រូវ​បានបញ្ចប់​ទាំងស្រុង ក្រោម​ការបំពេញភារកិច្ច យ៉ាងសកម្ម និង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់ ពី​ប្រធាន អនុប្រធាន​មណ្ឌល​កំណែ គណៈកម្មការ​ទាំងអស់ ព្រមទាំង​ការចូលរួម​សង្កេតការណ៍​ជាប្រចាំ ពី​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ផងដែរ ។​
​បណ្ដាញ​សង្គម​ដដែល បាន​បន្តថា ប្រធាន អនុប្រធាន​មណ្ឌល​ទាំងអស់ បាន​ដឹក​សន្លឹក MCS និង​ឯកសារ​ផ្សេងៗ មក​ទុក​នៅ​នាយកដ្ឋាន មធ្យមសិក្សា​ចំណេះ​ទូទៅ ដើម្បី​ចាប់ផ្ដើម​រៀបចំ​ដំណើរការ ស្រង់ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ ។​
​ចំពោះ​លទ្ធផល​ប្រឡង នឹង​ប្រកាស​នៅ​ថ្ងៃ​១២ ខែកញ្ញា​ខាងមុខ នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ។ ចំណែក​នៅ​ថ្ងៃទី​១៣ ខែកញ្ញា ប្រកាស​នៅតាម​បណ្តា​ខេត្ត​នានា​។ ក្នុងនោះ​ក្នុង​គេហទំព័រ របស់​ក្រសួង​អប់រំ នឹងមាន​ផ្សព្វផ្សាយ​ពី​លទ្ធផល​នេះ ផងដែរ ៕