ចិន​មិន​អនុញ្ញាត​ឲ្យ​សង្គ្រាម​ផ្ទុះឡើង​នៅ​ឧបទ្វីប​កូរ៉េ​​ដាច់ខាត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 September, 2017 ក+ ក-

​ប៉េកាំង ៖ កាលពី​ម្សិលមិញ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន​បាន​ថ្លែង​សារ​ព្រមាន​ទៅកាន់​គ្រប់ភាគី​សំខាន់ៗ​ទាំងអស់​ដែល​ពាក់ព័ន្ធ​បញ្ហា​នៅ​តំបន់​ឧបទ្វីប​កូរ៉េ​ថា ខ្លួន​នឹងមិន​អនុញ្ញាត​ឲ្យ​សង្គ្រាម ឬមួយ​ក៏​ភាពចលាចល​កើតមានឡើង​នៅខាងមុខ​ទ្វារផ្ទះ​របស់​ខ្លួន​ជាដាច់ខាត (​ចិន​មាន​ព្រំដែន​ជាប់​កូរ៉េខាងជើង​)​។​
​ការប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ចំពោះមុខ​ការតំឡើង​សាច់​ដុំ ខណៈដែល​អាមេរិក និង​កូរ៉េខាងត្បូង បានរួម​គ្នា​ធ្វើ​ប្រតិបត្តិការ​តាមផ្លូវ​ការ​អាកាស​មួយ​នៅលើ​តំបន់​ឧបទ្វីប​កូរ៉េ ដោយ​ចូលរួម​ពី​យន្តហោះ​ចម្បាំង​០៤​គ្រឿង​, យន្តហោះ​ទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ​ធុន B-1B ចំនួន​០២​គ្រឿង មកពី​កោះ​ហ្គាំ​របស់​សហរដ្ឋអាមេរិក និង​យន្តហោះ​ប្រយុទ្ធ​ធុន F-35B ០២​គ្រឿង មកពី​មូលដ្ឋានទ័ព​អាមេរិក​នៅឯ​ប្រទេស​ជប៉ុន រួមទាំង​យន្តហោះ​ចម្បាំង​ធុន F-15K ប៉ុន្មាន​គ្រឿង​ទៀត របស់​កូរ៉េខាងត្បូង ដែលជា​ការឆ្លើយតប​ការធ្វើ​តេស្ត​មី​ស៊ី​ល​យ៉ាង​គគ្លើន​ចុងក្រោយ​បំផុត របស់​កូរ៉េ​ខាង​។ នេះ​បើតាម​សារព័ត៌មាន​រុស្ស៊ី Sputnik ។
​ថ្លែង​ក្នុង​ការធ្វើ​សន្និសីទ​សារព័ត៌មាន​ប្រចាំខែ លោក Ren Guoqiang អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន​បាន​សង្កត់ធ្ងន់ថា «​ទីក្រុង​ប៉េកាំង នឹង​គ្មាន​ថ្ងៃ​អនុញ្ញាត​ឲ្យ​មាន​សង្គ្រាម ឬ​ភាពវឹកវរ កើតឡើង​នៅមុខ​ទ្វារផ្ទះ​របស់ខ្លួន​ជាដាច់ខាត​»​។ ចំណែក​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី Hua Chunying បាន​ថ្លែងថា «​ស្ថានការណ៍​នៅ​តំបន់​ឧបទ្វីប​កូរ៉េ គឺជា​រឿង​ដ៏​សំខាន់ និង​មិនមែនជា​ហ្គេម​កុំព្យូទ័រ​នោះឡើយ​»​។​
​គួរ​បញ្ជាក់ថា ការតំឡើង​សាច់ដុំ​រប​ស់​សម្ព័ន្ធមិត្ត​ទាំងពីរ​នេះ ត្រូវបាន​ធ្វើឡើង ក្រោយពី​កូរ៉េខាងជើង បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​រយៈ​ចម្ងាយ​មធ្យម​មួយ​គ្រាប់ រំលង​ពីលើ​ដែនអាកាស​ជប៉ុន និង​បាន​ឲ្យ​តំរុយ​ថែម​ទៀតថា ការធ្វើ​តេស្ត​មី​ស៊ី​ល​របស់ខ្លួន នឹង​នៅ​បន្តធ្វើ​ឡើង​ទៀត ដោយ​មិន​ឈប់​ងាយ​ឡើយ​៕