វ៉ាស៊ីនតោន ៖ តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា សហរដ្ឋអាមេរិកបាននិងកំពុងទាមទារឲ្យប្រទេសរុស្ស៊ីបិទប្រស្ថានកុងស៊ុលរបស់ខ្លួន ប្រចាំនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រួមទាំងអគារឧបសម្ពន្ធចំនួន០២កន្លែងទៀត ដែលស្ថិតក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងទីក្រុងញូយ៉ក។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
ការចេញសេចក្តីប្រកាសខាងលើធ្វើឡើងបន្ទាប់ពីទីក្រុងម៉ូស្គូកាលពីខែកក្កដាកន្លងទៅបានបង្ខំឲ្យសហរដ្ឋអាមេរិក កាត់បន្ថយចំនួនបុគ្គលិកការទូតរបស់ខ្លួនចំនួនរាប់រយនាក់ ដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី នៅត្រឹមថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ ខណៈចំណាត់ការវាយបករបស់ទីក្រុងវ៉ាស៊ីនតោន បានតម្រូវឲ្យភាគីរុស្ស៊ីអនុវត្តន៍តាមឲ្យបានចប់សព្វគ្រប់រួចរាល់នៅថ្ងៃទី០២ ខែកញ្ញាខាងមុខ ពោលគឺថ្ងៃសៅរ៍សប្តាហ៍នេះ។
សូមរម្លឹកថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានសម្រេចបណ្តេញបុគ្គលិកការទូតអាមេរិកជាង៧០០នាក់ ចេញពីទឹកដីប្រទេសរុស្ស៊ី កាលពីខែកក្កដាកន្លងទៅថ្មីៗនេះ ដើម្បីឆ្លើយតបចំពោះការដាក់ទណ្ឌកម្មបន្ថែមពីសហរដ្ឋអាមេរិក ប្រឆាំងទៅលើទីក្រុងម៉ូស្គូ និងជាការសងសឹក ចំពោះការដែលរដ្ឋបាលអតីតមេដឹកនាំអាមេរិក លោក បារ៉ាក់ អូបាម៉ា បានបណ្តេញមន្ត្រីទូតរុស្ស៊ីចំនួន៣៥នាក់ យ៉ាងតក់ក្រហល់ចេញពីអាមេរិកកាលពីចុងឆ្នាំ២០១៦ផងដែរ៕