បាដាដ ៖ សារព័ត៌មានរុស្ស៊ី Sputnik បានចេញផ្សាយថា ទីក្រុង Tal Afar និងដែនដីទាំងមូលនៃខេត្ត Nineveh ត្រូវបានកងទ័ពអ៊ីរ៉ាក់បានវាយរំដោះទាំងស្រុងចេញពីកណ្តាប់ដៃក្រុមភេរវកររដ្ឋអ៊ីស្លាម ISIS ហើយ ហើយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haider Abadi កាលពីម្សិលមិញក៏បានប្រកាសពីជោគជ័យដ៏ធំធេងនេះផង។
ក្នុងសេចក្តីរាយការណ៍ លោក Haider Abadi បានបញ្ជាក់ថា ក្រុង Tal Afar ជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់មួយ ស្ថិតនៅភាគពាយ័ព្យប្រទេសអ៊ីរ៉ាក់ក្បែរព្រំដែនជាមួយស៊ីរីនោះ ត្រូវវាយរំដោះបានទាំងស្រុងហើយ បន្ទាប់ពីស្ថិតក្រោមការកាន់កាប់របស់ក្រុម ISIS អស់រយៈពេលប្រមាណ០៣ឆ្នាំ និងក្រោយពីកងកម្លាំងប៉ូលិសសហព័ន្ធអ៊ីរ៉ាក់ បានប្រកាសពីការបិទបញ្ចប់ប្រតិបត្តិការយោធា ដើម្បីរំដោះទីក្រុងនេះ កាលពីថ្ងៃទី២៦ ខែសីហានេះ។
យុទ្ធនាការរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ ដើម្បីដណ្តើមកាន់កាប់ទីក្រុងខាងលើយកមកវិញ ត្រូវបានចាប់ផ្តើមកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះ ជាមួយការចូលរួមពីកងទ័ពអ៊ីរ៉ាក់ និងក្រុមអ្នកប្រយុទ្ធ PMU សរុបប្រហែល៤០,០០០នាក់។ ទីក្រុង Tal Afar គឺជាទីជម្រករបស់ប្រជាជនអ៊ីរ៉ាក់ចំនួន៧៥០,០០០នាក់ មុនត្រូវបានក្រុមភេរវករ ISIS ចូលទៅកាន់កាប់កាលពីឆ្នាំ២០១៤៕