រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានថ្លែងថា គណបក្សលោកមិន ខ្លាចឬបារម្ភអំពីការស៊ើបអង្កេតរឿងប្រភពថវិកាពីក្រសួងមហាផ្ទៃនោះទេ ។ លោកថា គណបក្ស ស្វាគមន៍ជានិច្ច ហើយមិនតក់ស្លុត ចំពោះការព្រមានចាត់វិធានការតាមច្បាប់ចំពោះ CNRP នោះឡើយ ។
ការអះអាងរបស់លោក យឹម សុវណ្ណ ដូច្នេះបានធ្វើឡើងតាមរយះវិទ្យុក្រៅស្រុកមួយ បន្ទាប់ពីក្រសួងមហាផ្ទៃបានព្រមានថា នឹងបើកការស៊ើបអង្កេតអំពីប្រភពថវិការបស់គណបក្ស សង្គ្រោះជាតិ បន្ទាប់ពីបណ្តាញ Facebook មួយឈ្មោះ « កូនខ្មែរ » បានទម្លាយឯកសារសម្ងាត់ ខណដែលគណបក្សប្រឆាំងបានលួចឃុបឃិតជាមួយអង្គការអន្តរជាតិ ដើម្បីរៀបចំផែនការផ្តួល រំលំរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេច ហ៊ុន សែន ។
គួរបញ្ជាក់ថា ក្រោយពីមានការបញ្ចេញព័ត៌មានជាបន្ដបន្ទាប់ របស់គណបក្សសង្គ្រោះជាតិដែលពាក់ព័ន្ធនឹងបរទេសដើម្បីរៀបចំផែនការផ្ដួលរំលំរដ្ឋាភិបាល ក្រសួងមហាផ្ទៃ បានបញ្ជាឲ្យអគ្គស្នងការនគរបាលជាតិបើកការស៊ើបអង្កេតចំពោះប្រភពថវិការបស់គណបក្សសង្គ្រោះជាតិ ក្រោយធ្លាយព័ត៌មានថា គណបក្សនេះ បានទទួលថវិកាពីក្រៅប្រទេស ដើម្បីធ្វើសកម្មភាពនយោបាយនៅកម្ពុជាដែលល្មើសនឹងច្បាប់ស្តីពីគណបក្សនយោបាយ ។
ទាក់ទិនករណីនេះនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ធ្លាប់មានប្រសាសន៍ថា រហូតមកដល់ពេលនេះក្រសួងមិនទាន់ចាត់ទុកព័ត៌មានបែកធ្លាយនោះយ៉ាងណាទេ គ្រាន់តែស្រាវជ្រាវមើលប៉ុណ្ណោះ ថាតើពិតកម្រិតណា យើងមិនទាន់ចាត់ទុកថា ៖“…ព័ត៌មាននេះពិតប្រាកដ ឬមិនពិតប្រាកដទេ យើងគ្រាន់តែស្រាវជ្រាវរកមើលថា រឿងនេះពិត ឬមិនពិតកម្រិតណា…អញ្ចឹងក្នុងនាមជាអគ្គនាយកដ្ឋាន ដែលជាសេនាធិការរបស់ក្រសួងមហាផ្ទៃនេះ យើងបានស្នើទៅអគ្គស្នងការនគរបាលជាតិ ឲ្យមានការស៊ើបអង្កេតរឿងហ្នឹង…”។
តាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ការទទួលលុយពីបរទេស ដើម្បីធ្វើនយោបាយនៅកម្ពុជានេះគឺជារឿងគ្រោះថ្នាក់សម្រាប់ប្រទេសជាតិទាំងមូល ដែលច្បាប់ស្តីពីគណបក្សនយោបាយបានហាមឃាត់ ដើម្បីទប់ស្កាត់កុំឲ្យកើតឡើងដូចអតីតកាល។
លោកបញ្ជាក់ថា “នៅក្នុងច្បាប់ស្តីពីគណបក្សនយោបាយ គឺហាមដាច់ខាត មិនឲ្យគណបក្សនយោបាយនៅក្នុងប្រទេសកម្ពុជាទទួលជំនួយពីបរទេសយកមកធ្វើសកម្មភាពទេ ពីព្រោះនេះ គឺជាការជ្រៀតជ្រែកផ្ទៃក្នុងរបស់គណបក្សនីមួយៗ ឬជាតិយើង។យើងមានសោកនាដកម្ម សង្គ្រាមបង្ហូរឈាម ដោយសារតែការជ្រៀតជ្រែករបស់បរទេស ប៉ុន្តែបើគ្រាន់តែរៃអង្គាសពីប្រជាពលរដ្ឋខ្មែរនូវអង្ករ១កំប៉ុងលុយ១រៀលឬប៉ុន្មានក៏ដោយមិនបញ្ហាអីដែរ៕