ស្ទឹងត្រែង៖ ស្ត្រីលក់សម្លៀកបំពាក់ក្នុងផ្សារស្ទឹងត្រែងម្នាក់ ត្រូវជនមិនស្គាល់ មុខ បាញ់ចំដើមទ្រូងប្រមាណ ៤គ្រាប់ ស្លាប់ ខណៈកំពុងដេកក្នុងអង្រឹងក្នុងតូប។សមត្ថកិច្ចដាក់ការសង្ស័យទៅលើអតីតស្វាមីរបស់ស្ត្រីរងគ្រោះ ហើយបានតាមចាប់ខ្ខួនភ្លាមៗ ប៉ុន្តែមិនទាន់ស្វែងរកឃើញនៅឡើយ។
ករណីបាញ់សម្លាប់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ២និង២០នាទីរសៀល ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៥ នៅក្នុងផ្សារក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
មន្ត្រីមានសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ស្ត្រីដែលត្រូវបានឃាតករបាញ់សម្លាប់មានឈ្មោះរស្មី ស្រីខួច ភេទស្រី អាយុ២២ឆ្នាំ មានមុខរបរលក់សម្លៀកបំពាក់ក្នុងផ្សារខេត្តស្ទឹងត្រែង និងមានទីលំនៅក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ចំណែកឯជនសង្ស័យបន្ទាប់ពីបាញ់ស្ត្រី រូបនោះរួចបានរត់គេចខ្លួនបាត់ភ្លាមៗ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ថ្ងៃកើតហេតុ ស្ត្រីរងគ្រោះមកលក់ដូរនៅផ្សារដូចសព្វដង។ នៅពេលដែលស្ត្រីរងគ្រោះកំពុងដេកលើអង្រឹងក្នុងតូបលក់ខោអាវរបស់ខ្លួនស្រាប់តែមានជនមិនស្គាល់មុខម្នាក់លួចបាញ់ពីក្រោយចំនួន៤ គ្រាប់ ចំទ្រូងខាងឆ្វេងទាំង៤គ្រាប់បណ្តាលឲ្យស្ត្រីរូបនោះស្លាប់ បន្ទាប់ពីបញ្ជូនទៅដល់មន្ទីពេទ្យ។
សមត្ថកិច្ចដដែលបន្តថា ជនដៃដល់ដែលបានបាញ់សម្លាប់ស្ត្រីជាអាជីវករខាងលើនេះ ត្រូវបានគេសន្និដ្ឋានថា ជាអតីតប្តីរបស់នាងដែលបានលែងលះគ្នាអស់រយៈពេលជាង១ឆ្នាំហើយ ។
សពស្ត្រីរងគ្រោះ បានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែក ជនដៃដល់កំពុងត្រូវបានតាមចាប់ខ្លួន៕
ស្ត្រីរងគ្រោះ រស្មី ស្រីខួច ក្នុងមន្ទីរពេទ្យ