រាជធានីភ្នំពេញ ៖ ស្រី្តមេខ្លោងវ័យក្មេងម្នាក់ដែលជាអ្នកលក់ស្ដ្រីខ្មែរ ឲ្យទៅធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី ក្នុងម្នាក់តម្លៃប្រហែល១,៥០០ដុល្លារត្រូវបានសមត្ថកិច្ចជំនាញបានបង្ក្រាប និងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ បន្ទាប់ពីសមត្ថកិច្ចជំនាញបានបើកប្រតិបត្តិការបង្ក្រាបកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ។
អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លោក សូ វ៉ាន់ឌី បានបញ្ជាក់ថា ស្ដ្រីជាមេខ្លោងនេះឈ្មោះ អ៊ុ រ៉ាឌីន ហៅមាំ ហៅម៉ា ដាម ហៅជោលី អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៩៦ឃ ផ្លូវជាតិលេខ៥ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ បានធ្វើសកម្មភាពឃោសនាបោកបញ្ជោតដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ចាម១៦នាក់ កំពង់ធំ៦នាក់ និងខេត្តកំពង់ឆ្នាំង២នាក់ (សរុប២៦នាក់) ឲ្យទៅធ្វើការជាស្ដ្រីជំនួយការមេផ្ទះ នៅប្រទេសម៉ាឡេស៊ី នឹងទទួលបានប្រាក់ឈ្នួលខ្ពស់ ចាប់ពី៣០០ដុល្លារ ទៅ៤០០ដុល្លារ ក្នុងមួយខែ ចំណែកសោហ៊ុយគ្រប់បែបយ៉ាងមេខ្យល់រូបនេះ ជាអ្នកចំណាយទាំងអស់៕