ក្រចេះ ៖ មានមនុស្ស៣នាក់ទៀតហើយ ត្រូវបានស្លាប់ក្នុងរណ្តៅរ៉ែដោយសារ តែបាក់ដីសង្កត់ នៅតំបន់រ៉ែអនាធិបតេយ្យនៅស្រុកសំបូរ ក្រោយពីក្រុមជនរងគ្រោះ បានព្យាយាម ចុះទៅ ក្នុងរណ្តៅរ៉ែដើម្បីជីកដីនិងពិនិត្យមើលរ៉ែ ក្នុងរណ្តៅដែលមានជម្រៅជ្រៅ។ ហើយរហូតមកទល់ និង រសៀលថ្ងៃទី១ កញ្ញា អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋ កំពុងតែព្យាយាមរុករកសាកសព របស់ជនរងគ្រោះ ទាំង៣នាក់ ដែលសមត្ថកិច្ចបានកំណត់ថា ពួកគេពិតជាត្រូវស្លាប់ក្នុងរណ្តៅរ៉ែជម្រៅជាង២០មែត្រ ដោយ សារបាក់ដីសង្កត់លើ មានរយៈពេល ១ថ្ងៃមួយយប់ទៅហើយនោះ។
បើតាមការបញ្ជាក់ពីនគរបាលស្រុកសំបូរបានឱ្យដឹងថា ហេតុការបាក់ដីរណ្តៅ រ៉ែមាស ដែលមានជម្រៅរហូតទៅដល់ជាង២០ម៉ែត្រ សង្កត់មនុស្សបីនាក់ស្លាប់នេះ គឺបានកើតឡើងកាលពីល្ងាចថ្ងៃទី៣១ សីហា ជនរងគ្រោះ៣នាក់ មាន១.ឈ្មោះ នួន ចាន់រ៉ា អាយុ៥០ឆ្នាំ ជាថៅកែ ទី២ . ឈ្មោះ រាជ សាកា អាយុ២១ឆ្នាំ ជនរងគ្រោះទាំងពីរនាក់ មានទីលំនៅភូមិតាកុតឃុំសំបុកស្រុកចិត្របុរី និងទី៣ ឈ្មោះ ជិន ធារ៉ា អាយុ២៥ឆ្នាំ រស់នៅភូមិស្ទឹងស្វាយ ឃុំដារស្រុកចិត្របុរី ខេត្តក្រចេះ។
កាលពីល្ងាចថ្ងៃកើតហេតុ ក្រុមជនរងគ្រោះទាំងបីនាក់ បានចុះទៅក្នុងរណ្តៅ រ៉ែ ដើម្បី ពិនិត្យមើលរ៉ែ ខណៈដែលម្ចាស់រណ្តៅមិននៅ ដើម្បីពិនិត្យមើស្ថានភាពរ៉ែ មុននិងធ្វើការវិនិយោគរកស៊ីជាមួយនិងម្ចាស់រណ្តៅ។ ហើយពេលចូលទៅដល់អាចនិងជួបហេតុការណ៍បាក់ដីរ៉ែសង្កត់ពីលើបិទរុនរណ្តៅរ៉ែ ទើបធ្វើឲ្យជនរងគ្រោះទាំងបីអាចស្លាប់នៅក្នុងបាតរណ្តៅមានជម្រៅជាង២០ម៉ែត្រ។
រណ្តៅរ៉ែដែលបានឆក់យកជីវិតមនុស្សសាជាថ្មីទៀតនេះ គឺស្ថិតក្នុងតំបន់រ៉ែអនាធិបេត្យនៅចំនុចអូរ ត្រូន ក្នុងភូមិអូរពោធិ៍ ឃុំក្បាលដំរី ស្រុកសំបូរ ។ ដោយរណ្តៅរ៉ែមួយនេះ មានទីតាំងចម្ងាយជាង២០ម៉ែត្រពីរណ្តៅរ៉ែមួយកន្លែងមុន ដែលបានឆក់យកជីវិតបុរសម្នាក់កាលពីយប់ថ្ងៃទី២៧ខែសីហា កន្លងទៅថ្មីៗ នេះ ដោយកាលណោះមានបុរសជាកម្មករម្នាក់ត្រូវបានស្លាប់ក្នុងរណ្តៅរ៉ែដោយសារ តែបាក់ដីសង្កត់នៅពេលដែលជនរងគ្រោះចូលទៅជីកដី យកអាចម៍ដី ។
បើតាមការឱ្យដឹង ពីលោក ណយ ស៊ីថាច អធិការរងស្រុកសំបូរ បាននិយាយថា ក្រោយពីកើតហេតុនៅព្រឹកថ្ងៃទី១ ខែកញ្ញានេះសមត្ថកិច្ច ក្រោមការដឹកនាំពីលោកព្រះរាជអាជ្ញារងចំនួន ២រូបបានចុះមកពិនិត្យមើលស្ថានភាពជាក់ស្តែង នៅរណ្តៅរ៉ែដែលបានឆក់យកជីវិតមនុស្សសារជាថ្មី ចំនួន ៣នាក់។ ក្នុងនោះសមត្ថកិច្ច បានសម្រេចបិទអាជីវកម្មរ៉ែចំនួន១១កន្លែង ដែលសុទ្ឋសឹង ជារណ្តៅ រ៉េធ្វើអាជីវកម្មខុសច្បាប់នៅក្នុងតំបន់អូរត្រូនភូមិអូរពោធិ៍ ឃុំក្បាលដំរី ស្រុកសំបូរ។ ហើយក្នុងនោះគឺ សមត្ថកិច្ចពុំមានការចាប់ឃាត់ខ្លួនជនណាម្នាក់ដែលជាម្ចាស់ទីតាំងរ៉ែអនាធិបតេយ្យ លួចធ្វើអាជីវកម្ម ខុសច្បាប់បង្កឲ្យមានមនុស្ស ស្លាប់ដើម្បីមានចំណាត់ការតាមច្បាប់នោះទេ។ការជីកយករ៉ែមាស នៅតំបន់ រ៉ែអនាធិប្បត្យេនៅចំនុចអូរត្រូន ភូមិអូរពោធិ៍ ក្នុងឃុំ ក្បាលដំរី ស្រុកសំបូរ របស់ពលរដ្ឋក្នុងតំបន់ក៏ដូច ជា អ្នកមកពីស្រុកខាងក្រៅតំបន់ គឺនៅតែ មានសកម្មភាពបន្តធ្វើឡើងយ៉ាង អនាធិបតេយ្យ។ ដោយតំបន់ រ៉ែអនាធិបតេយ្យនេះ ត្រូវបាន គេដឹងថា បានកើតមានជាយូរមកហើយ តែមិនមានការទប់ស្កាត់ពីអាជ្ញាធរ នៅឡើយទេ។
សេចក្តីរយាការណ៍ឲ្យដឹងថា មានមនុស្សជាច្រើននាក់ហើយ ដែលត្រូវបាន ស្លាប់ បាត់ បង់ជីវិត ដោយសារការបាក់ដីសង្កត់នៅពេលដែលពួកគេចុះទៅជីកដីរ៉ែ ក្នុងរណ្តៅរ៉ែ ដែលមាន ជម្រៅជ្រៅទាំងសភាពប្រថុយប្រថាន។ ការស្លាប់របស់ជនរងគ្រោះដែលសុទ្ឋ សឹងជាកម្មករខ្មែរទាំងនោះ នៅក្នុងរណ្តៅរ៉ែ គឺបានកើតឡើងបន្ទាប់ពួកគេជួបហេតុការណ៍ ផ្សេងៗគ្នាដូចជាពុលផ្សែង និងបាក់រ៉ែ សង្កត់ និងដាច់ឧកស៊ីហ្សែនជាដើម។
សព្វថ្ងៃ សកម្មភាពជីកដីរ៉ែ និងការទិញនិងដោះដូររណ្តៅរ៉ែ កំពុងតែកើតមានយ៉ាងពេញ បន្ទុកពី ឈ្មួញរ៉ែធំៗ ដោយប្រើកម្លាំងកម្មករឲ្យចូលជីកដោយ ដៃ ទាំងសភាពប្រថុយប្រថាន ជាងនោះទៅទៀត ក៏មានការលួចប្រើគ្រឿងបំផ្ទុះមិនមាន បច្ចេកទេស ត្រឹមត្រូវ និងមិនទទួលខុសត្រូវផងដែរ៕