ចាប់ខ្លួន​លោក កឹម សុខា នៅក្នុង​គេហដ្ឋាន ពាក់ព័ន្ធ​គម្រោង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 September, 2017 ក+ ក-

​ភ្នំពេញ ៖ រដ្ឋាភិបាល​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​ភ្លាមៗ ដោយ​ស្នើ​ឲ្យ​រក្សា​ភាព​ស្ងៀមស្ងាត់ បន្ទាប់ពី​សមត្ថកិច្ច បាន​ចាប់ខ្លួន​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​គេហដ្ឋាន​របស់លោក​នៅ​ខណ្ឌទួលគោក នា​វេលា​ម៉ោង ០០៖៣៥ នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២0១៧ នេះ​។
​លោក កឹម សុខា ត្រូវបាន​ចាប់ខ្លួន​នៅផ្ទះ​របស់លោក ស្ថិតនៅ​ផ្ទះ​លេខ​៩៧ ផ្លូវ​៣១៣ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក​។ ការចាប់ខ្លួន​នេះ​មាន​អង្គរក្ស​របស់លោក កឹម សុខា ប្រមាណ​៨​នាក់​ផងដែរ​។​
​តាមរយៈ​សេចក្តីថ្លែងការណ៍ រដ្ឋាភិបាល បាន​អះអាងថា ការចាប់ខ្លួន​លោក កឹម សុខា គឺ​ស្ថិតក្នុង​បទល្មើស​ជាក់ស្តែង គឺធ្វើឡើង​បន្ទាប់ពី​វីដេអូ​មួយ ដែល​ត្រូវបាន​ផ្សាយ​ដោយ​បណ្តាញ​មួយ ឈ្មោះ CBN (Cambodian Broadcasting Network) ដែល​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយ​សារភាព​កាលពី​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ប្រទេស​អូស្ត្រាលី​ថា ខ្លួន​បានធ្វើ​តាម​បញ្ជា​របស់​មហាអំណាច​អាមេរិក ក្នុងការ​រៀបចំ​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​យក​គំរូ​ទៅនឹង​ប្រទេស​យូ​ហ្គោ​ស្លា​វី និង​សើ​ប៊ី​ដែរ​។​
​សេចក្តីថ្លែងការណ៍​រប​ស់រាជ​រដ្ឋាភិបាល បាន​ចាត់ទុកថា តាមរយៈ​វិ​ដេ​អូ​ក្លី​ប ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​បណ្តាញ CBN ដែលមាន​ទីតាំងនៅ​អូស្ត្រាលី និង​ភស្តុតាង​ដទៃទៀត ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​ប្រមូលបាន គឺ​បានបង្ហាញ​ឲ្យ​ឃើញច្បាស់​អំពី​ផែនការ​សម្ងាត់​នៃ ការឃុបឃិត​គ្នា​រវាង​ឈ្មោះ កឹម សុខា និង​បក្សពួក ជាមួយ​បរទេស ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​។ អំពី​នៃ​ការឃុបឃិត​គ្នា​ជាសម្ងាត់​ខាងលើនេះ គឺជា​អំពើ​ក្បត់ជាតិ​។​
​សារព័ត៌មាន មេគង្គ​ប៉ុស្តិ៍ មិនអាច​ទាក់ទង​អ្នកនាំពាក្យ និង​មន្ត្រី​ផ្សេងទៀត នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បានទេ ដោយសារ​គ្មាន​អ្នកទទួល​ទូរស័ព្ទ​៕