កាសែត ខាំ​បូ​ឌា​ដេលី ប្រកាស​បិទទ្វារ ខណៈ​រដ្ឋ​នៅតែ​​ដាក់កំហិត​ឱ្យ​បង់ពន្ធ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 September, 2017 ក+ ក-


ភ្នំពេញ ៖ ​កាសែតបរទេស The Cambodia Daily បាន​ផ្សាយ​នៅ​ថ្ងៃទី​៣ កញ្ញា​នេះ​ថា នឹង​បិទ​ការចេញផ្សាយ របស់ខ្លួន​នៅ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៧ នេះ បន្ទាប់ពី​ពុំមាន​លទ្ធភាព​បង់ពន្ធ ជូន​រដ្ឋាភិបាល កម្ពុជា តាម​ការកំណត់​។
​យោងតាម​ការប្រកាសរ​បស់​កាសែត The Cambodia Daily បានឱ្យដឹងថា នៅ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៧ នេះ គឺ​គម្រប់​៣០​ថ្ងៃ​នៃ​ការកំណត់ ដែល​អគ្គនាយក​រដ្ឋា​ន​ពន្ធដារ ទុកពេល​ឲ្យ​កាសែត The Cambodia Daily ធ្វើការ​តវ៉ា​អំពី​បញ្ហា​ជំពាក់​ពន្ធ​រដ្ឋ ចំនួន​ជាង​៦​លាន​ដុល្លារ ក្រោយ​ដំណើរការ​នៅ​កម្ពុជា​ដោយ​គ្មាន​បង់ពន្ធ​រយៈពេល​ជាង​១០​ឆ្នាំ​មកនេះ​។​
​សូមបញ្ជាក់ថា ករណី​ឈានដល់​ការបិទ​បញ្ឈប់​ប្រតិបត្តិការ​របស់​អង្គភាព​ព័ត៌មាន The Cambodia Daily បន្ទាប់ពី​មាន​ឯកសារ​ពន្ធដារ​ត្រូវបាន​បែកធ្លាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​បាន​បង្ហាញថា កាសែត The Cambodia Daily ដែល​បានធ្វើ​អាជីវកម្ម​ព័ត៌មាន​នៅ​កម្ពុជា រយៈពេល​១០​ឆ្នាំ​មកនេះ ពុំបាន​បង់ពន្ធ​ជូន​រដ្ឋ​នោះទេ ដែល​ទឹកប្រាក់​ជំពាក់​ពន្ធ​រដ្ឋ រហូតដល់ 25,756,015,695 រៀល (​ប្រមាណ​៦​លាន​ដុល្លារ​)​។​
លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ពន្ធដារ បាន​ថ្លែង​បញ្ជាក់ថា​៖ «​បើទោះបី​មានការ​បិទ​ក៏ដោយ ក៏​ការអនុវត្ត​ពន្ធ​នៅតែ​បន្ត បំណុល​ពន្ធ​ត្រូវតែ​សង​, អ្នកទទួលខុសត្រូវរ​បស់​អង្គភាព​ព័ត៌មាន​នេះ ជា​អ្នកទទួលខុសត្រូវ​ចំពោះ​បំណុល​ពន្ធ​របស់​រដ្ឋ មិនអាច​គេចខ្លួន​បានទេ ហើយក៏​មិនអាច​ចាក​ចេញពី​កម្ពុជា​ផងដែរ ព្រោះ​យើង​អនុវត្ត​តាមច្បាប់​សារពើពន្ធ​របស់​កម្ពុជា​។ អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ជុំវិញ​ករណីនេះ នៅ​ថ្ងៃទី​៤ ខែកញ្ញា នេះ ព្រោះ​ជា​ថ្ងៃ​ឱសានវាទ​»​។​
​ជាថ្មីទៀត កាលពី​ព្រឹក​ថ្ងៃទី​៣ ខែកញ្ញា នេះ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​នូវ​ការហួសចិត្ត​ចំពោះ​កាសែត The Cambodia Daily ដែល​រកស៊ី​មិន​បង់ពន្ធ​នៅ​កម្ពុជា ហើយ​នៅពេលដែល​រដ្ឋាភិបាល​ត​ម្រូ​វ​ឲ្យ​បង់ពន្ធ​តាមច្បាប់ បែរជា​ចោទប្រកាន់​រាជរដ្ឋាភិបាល​ថា ផ្តាច់ការ និង​បំបិទ​សិទ្ធិសេរីភាព សារព័ត៌មាន​ឯករាជ្យ ទៅវិញ​៕