អាមេរិក​ព្រមាន​ប្រើប្រាស់​កម្លាំងយោធា​ទ្រង់ទ្រាយ​ធំ​បង្ក្រាប​កូរ៉េខាងជើង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 September, 2017 ក+ ក-

​វ៉ាស៊ីនតោន ៖ សារព័ត៌មាន Channel News Asia ចេញផ្សាយ​នៅ​ព្រឹក​នេះ​ថា ជា​វិធានការ​ឆ្លើយតប​ទៅនឹង​ការគំរាមកំហែង​ពី​សំណាក់​កូរ៉េខាងជើង​បន្ទាប់ពី​បាន​បំផ្ទុះ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ជា​លើក​ទី​០៦ កាលពី​ថ្ងៃអាទិត្យ ជាថ្មី​ម្ត​ទៀត​អាមេរិក​បានចេញ​មុខ​ព្រមាន​ត្រង់ៗ​ថា នឹង​ប្រើប្រាស់​កម្លាំងយោធា​ទ្រង់ទ្រាយ​ធំ​ដើម្បី​បង្ក្រាប​រដ្ឋ​កុម្មុយនីស្ដ​ដ៏​ឯកោ​មួយ​នេះ​។
​ការព្រមាន​នេះ​ធ្វើឡើង​ដោយ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក James Mattis ក្រោយ​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​កោះប្រជុំ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់លោក ដើម្បី​ពិភាក្សា​ពី​ការធ្វើ​តេស្ដ​នុយក្លេអ៊ែរ​របស់​ទីក្រុង​ព្យុងយ៉ាង​។​
​លោក Mattis បាន​បញ្ជាក់ថា រាល់​ការគំរាមកំហែង​លើ​សហរដ្ឋអាមេរិក ឬ​រាល់​ទឹកដី​អាមេរិក ដូចជា​កោះ​ហ្គាំ (Guam) ឬក៏​សម្ព័ន្ធមិត្ត​របស់​យើង នោះ​នឹងត្រូវ​ប្រឈមមុខ​នឹង​កម្លាំងយោធា​ទ្រង់ទ្រាយ​ធំ​ជាការ​ឆ្លើយតប​… ហើយ​យើង​មិនមែន​កំពុង​ស្វែងរក​ការបំផ្លាញ​ប្រទេស​ណាមួយ (​កូរ៉េខាងជើង​) នោះទេ ក៏ប៉ុន្តែ​ដូច​ខ្ញុំ​បាន​និយាយ គឺ​យើង​មាន​ជំរើស​ជាច្រើន​ដែល​ត្រូវធ្វើ​ដូច្នោះ​។​
​គួរ​បញ្ជាក់ថា កូរ៉េខាងជើង​កាលពី​ថ្ងៃ​អាទិត្យ បានធ្វើ​តេស្ដ​បំផ្ទុះ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​-​អ៊ីដ្រូសែន​ជា​លើក​ទី​០៦ នៅឯ​តំបន់ Punggye-ri នៃ​ខេត្ត North Hamgyeong របស់​ប្រទេស​កូរ៉េខាងជើង​៕