ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០១៧នេះ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាដើម្បីបង្កើន ទំនាក់ទំនងជាមួយគ្នាឲ្យកាន់តែជិតស្និទ្ធរវាងក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងវិស័យឯកជន តាម រយៈការផ្លាស់ប្តូរព័ត៍មានគ្នាទៅវិញទៅមក ព្រមទាំងធ្វើបច្ចុប្បន្នភាពស្តីពីគោលនយោបាយ គាំទ្រនានាដែលរាជរដ្ឋាភិបាលបានដាក់ចេញដើម្បីអភិវឌ្ឍវិស័យឯកជន សំដៅផ្តល់នូវទំនុក ចិត្តបន្ថែមទៀតដល់ផ្នែកឯកជនក្នុងការធ្វើប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជា។
រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា លោក សុខ ចិន្តាសោភា មានប្រសាសន៍ថា ជំនួបថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីការធ្វើបច្ចុប្បន្នភាពលើ ប្រធានបទមួយចំនួនដែលវាបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ចរួមមាន៖ (១).វេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន,(២).គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត សំខាន់ៗដែលរាជរដ្ឋាភិបាលបានដាក់ចេញចាប់តាំងពីឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន,(៣).តួ លេខចម្បង និងសំខាន់ៗពាក់ព័ន្ធនឹងធុរកិច្ច និងការវិនិយោគនៅកម្ពុជា និង(៤).វឌ្ឍនភាពនៃ ការអនុវត្តគោលនយោបាយអភិវឌ្ឍឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។
លោក សុខ ចិន្តាសោភា បានទទួលស្គាល់ថា រាជរដ្ឋាភិបាល និងផ្នែកឯកជនគឺជាដៃគូដ៏ចាំបាច់ និងមិន អាចខ្វះបានដែលត្រូវបំពេញឲ្យគ្នាទៅវិញទៅមក ក្នុងការរួមចំណែកដល់ការជំរុញសេដ្ឋកិច្ច ជាតិឲ្យកាន់តែលួតលាស់បន្ថែមទៀត។ លោកថា ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា នៅតែបន្តបេសកកម្មរបស់ខ្លួនក្នុងការសម្របសម្រួលធ្វើយ៉ាងណាឲ្យបរិយាកាសវិនិយោគនៅ កម្ពុជាកាន់តែមានភាពអំណោយផល ដើម្បីជំរុញលើកទឹកចិត្តដល់អ្នកវិនិយោគក្នុង និងក្រៅប្រទេសធ្វើការបណ្តាក់ទុនឲ្យកាន់តែច្រើនឡើង។
ដោយឡែកប្រធានសភាពាណិជ្ជកម្មកម្ពុជាអ្នកឧកញ៉ា គិត ម៉េង បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែករបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ក្នុងតួនាទីជាអ្នកសម្របសម្រួល ដោះស្រាយនូវបញ្ហាប្រឈមនានារបស់វិស័យឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន ដែលបានធ្វើឡើងចំនួន១៧ដងរួចមកហើយចាប់ពីឆ្នាំ១៩៩៩ និងតាមរយៈភារកិច្ច របស់ស្ថាប័ននេះដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការពិនិត្យ និងសម្រេចការងារ នីតិសម្បទា និងអភិវឌ្ឍន៍ និងការវិនិយោគនានាដែលតម្រូវឲ្យក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាធ្វើការ ស្អិតល្មួតជាមួយគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសអ្នកវិនិយោគទាំងក្នុង និងក្រៅស្រុក៕