លោកស្រី អ៊ុង សាន​ស៊ូ​ជី រង​ការរិះគន់​ពី​អន្តរជាតិ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 September, 2017 ក+ ក-

​រ៉ង់​ហ្គូ​ន ៖ អ្នករាយការណ៍​សិទ្ធិមនុស្ស​របស់ UN ប្រចាំ​ប្រទេស​មី​យ៉ាន់​ម៉ា លោកស្រី Yanghee Lee បាន​រិះគន់​យ៉ាងខ្លាំង​លើ​ជ័យលាភី​ភាព​ពានរង្វាន់ ណូបែល​សន្តិភាព និង​ជា​និមិត្តរូប​លិ​ទ្ធិ​ប្រជាធិបតេយ្យ លោកស្រី អ៊ុង សាន​ស៊ូ​ជី ចំពោះ​បរាជ័យ​ក្នុងការ​ការពារ​ជនជាតិដើម​ភាគតិច​មូស្លីម​រ៉ូ​ហិន​យ៉ា​។ នេះ​បើតាម​សារព័ត៌មាន BBC ។​
​លោកស្រី Yanghee Lee បាន​និយាយថា ស្ថានភាព​នៅក្នុង​រដ្ឋ Rakhine គឺមាន​សភាព​ធ្ងន់ធ្ងរ​បំផុត ហើយ​វា​ដល់​ពេលវេលា​ដែល​លោកស្រី​ស៊ូ​ជី ត្រូវ​ចេញមុខ​ធ្វើ​អន្តរាគមន៍​។ ការ​ថ្លែង​បែបនេះ របស់លោក​ស្រី Lee ធ្វើឡើង​បន្ទាប់ពី អង្គការសហប្រជាជាតិ បាន​ប៉ាន់ប្រមាណ​ថា ជនជាតិ​រ៉ូ​ហិន​យ៉ា ៨៧,០០០​នាក់ បាន​រត់​ភៀសខ្លួន​ទៅកាន់​ព្រំដែន​ជាប់​ប្រទេស​បង់​ក្លា​ដែ​ស ខណៈ​មនុស្ស​ជិត​៤០០​នាក់ បាន​ស្លាប់ ដោយសារ​អំពើហិង្សា​រវាង​កម្លាំងរ​ដ្ឋា​ភិ​បាល និង​កងជីវពល​រ៉ូ​ហិន​យ៉ា​។​
​ជាមួយគ្នានេះ​រដ្ឋមន្ត្រីការបទេស​ឥណ្ឌូនេស៊ី​ក៏បាន​ស្នើ​ឱ្យមាន​ការបើក​កិច្ចប្រជុំ​ជាបន្ទាន់ ស្របពេល​ប្រធានាធិបតី​តួ​ក​គី លោក អឺ​ដូ​ហ្កា​ន់ ចាត់ទុកថា អំពើហិង្សា​ប្រឆាំងនឹង​រ៉ូ​ហិន​យ៉ា គឺជា​អំពើ​ប្រល័យពូជសាសន៍ រីឯ​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស ក៏បាន​ព្រមាន​លោកស្រី​ស៊ូ​ជី​ដែរ​ថា ជម្លោះ​នេះ​អាច​នឹង​ធ្វើឱ្យ​ប្រទេស​របស់លោក​ស្រីខូច​កិ​តិ្ត​យស​។
​អំពើហិង្សា​រវាង​កម្លាំង​រដ្ឋាភិបាល មី​យ៉ាន់​ម៉ា និង​រ៉ូ​ហិន​យ៉ា បាន​ផ្ទុះឡើង​ខ្លាំង​តាំងតែ​ពី​ឆ្នាំ​២០១៦​មក​ម្លេះ ហើយ​មកទល់​ពេល​កុំ​ថា ឡើយ​លោកស្រី​ស៊ូ​ជី សូម្បីតែ​អង្គការសហប្រជាជាតិ ក៏​ពុំទាន់​អាច​ដោះស្រាយ​ជម្លោះជាតិសាសន៍ រុំ​ា​រ៉ៃ​នេះ​បានដែរ​។​
​គួរ​បញ្ជាក់ថា លោកស្រី​អ៊ុង សាន​ស៊ូ​ជី បានឈ្នះ​ភ្លូកទឹកភ្លូកដី​ក្នុងការ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៥ ដែល​ធ្វើ​ឲ្យ​មានការ​រំពឹងថា​លោកស្រី​អាច​នឹង​ដោះស្រាយ​វិបត្តិ​ជម្លោះជាតិសាសន៍​ជនជាតិដើម ភាគតិច​មូស្លីម​រ៉ូ​ហិន​យ៉ា ក៏ប៉ុន្តែ​អ្វីៗ​បែរជា​រឹតតែ​ស្មុគស្មាញ​ជាង​មុន​ទៅទៀត​៕