សេអ៊ូល ៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ផ្សាយថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និង លោក ដូណាល់ ត្រាំ បានឯកភាពគ្នាលុបចោលការដាក់កំហិតក្នុងការផលិតគ្រាប់មីស៊ីលរបស់កូរ៉េខាងត្បូង ដែលជាផ្នែកមួយនៃការពង្រឹងសមត្ថភាពយោធាកូរ៉េខាងត្បូងក្នុងទប់ទល់ការគំរាមកំហែងពីកូរ៉េខាងជើង។
អ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោកPark Soo-hyun បានថ្លែងថា ការព្រមព្រៀងគ្នានេះធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក មូន និងលោក ត្រាំ កាលពីម្សិលមិញនេះ។ លោកបញ្ជាក់ថា លោកប្រធានាធិបតី មូន បានពិភាក្សាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅចន្លោះពីម៉ោង១០ និង៤៥នាទីយប់ ដល់ម៉ោង១១ និង២៥នាទីយប់ (ម៉ោងនៅក្នុងទីក្រុងសេអ៊ូល) ដោយអ្នកទាំងពីរបានជជែកគ្នាពីវិធានការទប់ទល់នឹងកូរ៉េខាងជើង ក្រោយបានបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦ កាលពីថ្ងៃអាទិត្យ។
បន្ថែមពីលើនេះ អ្នកទាំងពីរ ក៏បានឯកភាពគ្នាលុបចោលការដាក់កំហិតលើការផលិតមីស៊ីលផងដែរ ដើម្បីពង្រឹង សមត្ថភាពយោធាកូរ៉េខាងត្បូងប្រឈមមុខនឹងការគំរាមកំហែង ពីសំណាក់ទីក្រុងព្យុងយ៉ាង។
សូមជម្រាប់ថា បើតាមកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បើសិនជាទីក្រុងសេអ៊ូល ចង់ផលិតឬក៏ចង់បង្កើនចំនួនសព្វាវុធរបស់ខ្លួន ត្រូវទទួលការយល់ព្រមពីទីក្រុងវ៉ាស៊ីនតោន ជាមុនសិន៕