ហ្សឺណែវ ៖ មន្ត្រីការទូតជាន់ខ្ពស់កូរ៉េខាងជើងម្នាក់បានព្រមានថា ប្រទេសរបស់លោកបានត្រៀមខ្លួនជាស្រេច ក្នុងការបញ្ជូនកញ្ចប់កាដូរបន្ថែមទៀតទៅកាន់សហរដ្ឋអាមេរិក ខណៈមហាអំណាចផុតលេខមួយនេះ កំពុងប្រមូលផ្ដុំកម្លាំងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត ប្រឆាំងនឹងរបបដឹកនាំ លោក គីម ជុងអ៊ុន សម្រាប់ការធ្វើតេស្ដបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦ កាលពីថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកនេះ។
លោក ហាន តែសុង ឯកអគ្គរដ្ឋទូតប្រទេសកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវប្រទេសស្វីសបានបែបនេះនៅក្នុងសន្និសីទសហប្រជាជាតិស្ដីពីការរំសាយសព្វាវុធក្រោយរយៈពេល២ថ្ងៃបន្ទាប់ពីប្រទេសរបស់លោកបានសាកល្បងគ្រាប់បែកនុយក្លេអ៊ែរដោយជោគជ័យថ្មីៗនេះ។
លោកបានប្រាប់កិច្ចប្រជុំក្នុងទីក្រុងហ្សឺណែវថា លោកមានមោទនភាពខ្លាំងណាស់ដែលថាកាលពី២ថ្ងៃមុនប្រទេសរបស់លោកបានធ្វើការសាកល្បងគ្រាប់បែកអ៊ីដ្រូហ្សេនដោយជោគជ័យសម្រាប់គ្រាប់រ៉ុក្កែតឆ្លងទ្វីបតាមផែនការសម្រាប់បង្កើនកម្លាំងនុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់ប្រទេសលោក។ លោក ហាន បានបញ្ជាក់ថា វិធានការការពារខ្លួនរបស់ប្រទេសកូរ៉េខាងជើងនៅពេលថ្មីៗនេះគឺជាកញ្ចប់អំណោយ ឬកាដូមួយដែលត្រូវផ្ញើទៅឲ្យគ្មានអ្នកណាផ្សេងក្រៅតែពីសហរដ្ឋអាមេរិកនោះទេ។
ឆ្លើយតបនឹងបញ្ហានេះ លោក រ៉ូប៊ឺត វូដ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកផ្នែករំសាយអាវុធបាននិយាយថា ប្រទេសកូរ៉េខាងជើងបានប្រឆាំងនឹងសហគមន៍អន្តរជាតិម្ដងហើយម្ដងទៀតជាមួយនឹងការសាកល្បងសព្វាវុធផ្សេងៗ ហើយថា ការបង្កហេតុរបស់ប្រទេសកូរ៉េខាងជើងនេះនឹងលែងអនុគ្រោះទៀតហើយ។
ចំណែកប្រេសិតប្រទេសកូរ៉េខាងត្បូងប្រចាំអង្គការសហប្រជាជាតិបាននិយាយថា ពួកគេនឹងប្រើគ្រប់មធ្យោបាយការទូតទាំងអស់ដើម្បីធ្វើឲ្យប្រទេសកូរ៉េខាងជើងឯកោទាំងស្រុង និងដាក់សម្ពាធទៅលើប្រទេសនេះឲ្យបោះបង់ចោលនូវកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី នីកគី ហាឡេយ បានចោទប្រកាន់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងចង់ធ្វើសង្គ្រាមជាមួយការធ្វើតេស្ដមីស៊ីល និងអាវុធនុយក្លេអ៊ែរជាបន្តបន្ទាប់ ព្រមទាំងបានបានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខ ដាក់ទណ្ឌកម្មឱ្យបានខ្លាំងក្លាបំផុត ប្រឆាំងនឹងទីក្រុងព្យុងយ៉ាងផងដែរ៕