តុលាការ​សម្រេច​ឃុំខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 September, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៧​នេះ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រា​ធានី​ភ្នំពេញ​បានសម្រេច​ឃុំខ្លួន លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ក្រោម​ការចោទប្រកាន់​ពីបទ​ក្បត់ជាតិ ដែល​ទោស​នេះ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​ពី​១៥​ទៅ​៣០​ឆ្នាំ​។ នេះ​បើតាម​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​។​
​លោក​បញ្ជាក់​បន្ទាប់ពី​បញ្ចប់​ការពិភាក្សា​ដេញដោល​ចំពោះមុខ និង​សាកសួរ​រ​ចម្លើយ​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា រួចរាល់ ចៅក្រម​ស៊ើបសួរ​បានសម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ពីបទ ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស តាម​បញ្ញត្តិ​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​បាន​អនុវត្ត​ការឃុំខ្លួន​តាម​នីតិវិធី​»​។​
​សូម​រម្លឹកថា លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅវេលា​ម៉ោង​ប្រមាណ​១២ និង​៣៥​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ នៅផ្ទះ​របស់លោក ស្ថិតក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ក្រោយពី​បែកធ្លាយ​វីដេអូ​មួយ បង្ហាញថា លោក​សារភាព​អំពី​ការ​អនុវត្តតាម​ការបញ្ជា​របស់​សហរដ្ឋអាមេរិក ក្នុងការ​ដណ្តើម​អំណាច​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់ ដែល​ដឹកនាំ​ដោយ គណបក្ស​ប្រជាជន​កម្ពុជា​៕