សម្តេច ហ៊ុន សែន ស្នើ​ឲ្យ​មិត្តភក្តិ​បរទេស​ស្តាប់​សម្តី​លោក កឹម សុខា ឲ្យ​បាន​ច្បាស់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 September, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នៅថ្ងៃនេះ បាន​ប្រតិកម្ម​តប​ទៅនឹង ការសម្រេចចិត្ត​ខុសឆ្គង របស់​ពួក​បរទេស​មួយចំនួន ទាក់ទង​សំណុំរឿង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ។ សម្តេច​បាន​ថ្លែងថា សូម​មិត្តភក្តិ​បរទេស​មួយចំនួន​ស្តាប់​សំដី​លោក កឹម សុខា ឲ្យ​បាន​ច្បាស់ ហើយ​សម្តេច​បាន​ចោទ​ជា​សំណួរ​ថា បើសិនជា​ករណីនេះ កើតឡើង​នៅ​ប្រទេស​របស់​ពួកគេ នោះ តើ​ពួកគេ​ទទួលយក​បានទេ ។​
​សម្តេច ហ៊ុន សែន មានប្រសាសន៍ថា «​ខ្ញុំ​សង្ឃឹមថា មិត្តភក្តិ​បរទេស​ទាំងឡាយ មើល​ឃ្លោង ឃ្លា​ឱ្យបាន​ច្បាស់ មួយ​ម៉ាត់ៗ​ៗ​ៗ​ៗ សូមកុំ​ច្បោលៗ តើ​ប្រទេស​របស់​អ្នក​អាច​ទទួលយក​បានទេ ប្រសិនបើ​សម្តី​បែបនេះ បើ​អ្នកជា​ខ្ញុំ​។ អ្នក​ត្រូវ​ស្តាប់​ឱ្យ​ច្បាស់ “​គេ​បញ្ជា គេ​បញ្ជា​គេ​ប្រាប់​ខ្ញុំ ឱ្យធ្វើ​នេះ គេ​ប្រាប់​ខ្ញុំ​ឱ្យធ្វើ​នោះ គេ​ឱ្យ​ខ្ញុំ​យក​ម៉ូ​ឌែ​ល យូ​ហ្គោ​ស្លា​វី ខ្ញុំ​មិនមែន​ធ្វើតាម​ចិត្ត​នឹកឃើញ ទេ មាន​សាស្ត្រាចារ្យ​មកពី​អាមេរិក មកពី​កាណាដា​”…​។ លេង​អញ្ចឹងៗ ហើយ​តាំងខ្លួន​ជា អ្នកស្នេហាជាតិ​ស្អី​ទៀត​»​។​
​សម្តេច ហ៊ុន សែន បាន​បន្ថែមទៀតថា លោក កឹម សុខា បាន​ក្បត់ជាតិ​របស់ខ្លួន​ឯង ហើយ​ឃុបឃិត​ជាមួយ​ប្រទេស ព្រមទាំង​បានធ្វើ​ខុស​នូវ​សម្បថ​របស់ខ្លួន នៅមុខ​ព្រះមហា ស្វេត​ឆត្រ ព្រះមហាក្សត្រ និង​សម្តេច​សង្ឃ ដែលថា​ស្មោះត្រង់​ចំពោះ​ជាតិខ្មែរ មិនឱ្យ​បរទេស មក​បង្គាប់បញ្ជា ឬ​ជ្រៀតជ្រែក​ដល់ កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ឡើយ ៕