ឥណ្ឌា ៖ អ្នកកាសែតដ៏លេចធ្លោម្នាក់ក្នុងប្រទេសឥណ្ឌាដែលតែងតែរិះគន់នយោបាយជាតិនិយមរបស់ក្រុមហិណ្ឌូត្រូវបានគេបាញ់សម្លាប់នៅខាងក្រៅផ្ទះរបស់លោកស្រីស្ថិតនៅក្នុងទីក្រុងបាំងហ្គាល័រ ភាគខាងត្បូងប្រទេសឥណ្ឌាកាលពីថ្ងៃអង្គារ។
លោកស្រី ឡាំងឃីស វ័យ៥៥ឆ្នាំត្រូវបានគេបាញ់សម្លាប់ត្រង់ក្បាល និងដើមទ្រូងដោយក្រុមខ្មាន់កាំភ្លើងដែលបានប្រើប្រាស់ម៉ូតូធ្វើជាមធ្យោបាយធ្វើដំណើរ។ មូលហេតុដែលជំរុញអោយមានឃាតកម្មនេះមិនទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ ខណៈដែលកំពុងស្រាវជ្រាវស្វែងរកតំរុយ។
លោកស្រី ឡាំងឃីស គឺជាអ្នកកាសែតដ៏ល្បីល្បាញម្នាក់ទៀតដែលត្រូវបានគេបានសម្លាប់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រុមសកម្មជនបាននិយាយ ក្រុមអ្នកសារព័ត៌មាននៅក្នុងប្រទេសឥណ្ឌាកំពុងតែក្លាយជាគោលដៅនៃការវាយប្រហារយ៉ាងខ្លាំងពីសំណាក់ក្រុមជាតិនិយមរ៉ាឌីកាល់ហិណ្ឌូ។
ជុំវិញករណីនេះសមាជិកនៃសមាគមអ្នកកាសែតឥណ្ឌាបានសម្ដែងការខឹងសម្បា និងថ្កោលទោសចំពោះអំពើឃាតកម្មនេះ និងបានថា ពួកគេនឹងធ្វើការតវ៉ានៅក្នុងរដ្ឋធានីញូដេលី នៅថ្ងៃពុធនេះ៕