ម៉ូតូ​កែច្នៃ២​គ្រឿង​បុក​ផ្ទុប​គ្នាបណ្តាលឲ្យស្លាប់២​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 September, 2017 ក+ ក-

មណ្ឌលគិរី ៖ ម៉ូតូ​ពីរ​គ្រឿង ដែល​ម្ចាស់​កែច្នៃ​ទុក​សម្រាប់​ដឹក​របស់​ធ្ងន់ៗ​ឬ​ហៅថា​ម៉ូតូ​ដែក​នោះ បាន​បុក​គ្នា​ពេញទំហឹង​បង្ក​ឱ្យ​អ្នកបើកបរ​ទាំងពីរ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​។ ហេតុការណ៍​បានកើត​ឡើង​កាលពី​ម៉ោង​០៨​យប់​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៧ ចំណុច​ក្បែរ​បង្គោល​សីមា ព្រំប្រទល់​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​និង​ស្រុក​ស្នួល ខេត្តក្រចេះ​។
​ប្រភពពី​អ្នកឃើញ​ហេតុការណ៍​ប្រាប់ថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​១​គ្រឿង​មាន​ដឹកឈើ​តូចៗ​ប្រហែល​១០​គ្រាប់ បោះពួយ​ពី​ទឹកដី​ស្រុក​កែវ​សីមា ពី​ទិសខាងកើត​មក​ខាងលិច លុះ​មកដល់​ចំណុចកើតហេតុ​ក៏មាន​ម៉ូតូ​១​គ្រឿង​ទៀត បោះពួយ​ពី​ផ្លូវដី ទិសដៅ​ពី​លិចទៅ​កើត ហើយ​ម៉ូតូ​ទាំងពីរ​គ្រឿង​នោះបាន​បុក​ផ្ទុប​គ្នា ពេញទំហឹង បោក​ក្បាល​អ្នកបើកបរ​ទាំងពីរ​នាក់​និង​ផ្លូវជាតិ បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​តែម្តង​។
​នគរបាល​ស្រុក​កែវ​សីមា​ឱ្យដឹងថា ជនរងគ្រោះ​ទាំងពីរ​មានឈ្មោះ​សេង សុធា​រ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា បាន​ស្លាប់​ក្រោយ​រងរបួស​ធ្ងន់​ត្រង់​ក្បាល បាក់ដៃ បាក់ជើង​។​ចំណែក​ម្នាក់ទៀត​ជា​ជនជាតិ​ចាម​ឈ្មោះ​អាន ជី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ក៏បាន​ស្លាប់​ព្រោះ​រងរបួស​ធ្ងន់ធ្ង​រដែ​រ​។​ទោះជា​យ៉ាងណា គេ​នៅ​មិនទាន់​អាចសន្និដ្ឋាន ពី តើន​ណា ខុស​ន​ណា​ត្រូវ​នោះទេ ដោយ​ក្រុមគ្រួសារ​ទាំងពីរ​កំពុង​យក​សព ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​សិន​៕