រាជធានីភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅ ថ្ងៃ ទី៧ ខែកញ្ញា បានអនុញ្ញាតឲ្យឯកឧត្តម Wang Jiarui អនុប្រធានសភាប្រឹក្សា នយោបាយ ប្រជាជនចិន ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលឯកឧត្តម ដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។
ក្នុងព្រះបរមនាម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេច ប្រមុខរដ្ឋស្តីទី បានសម្តែងនូវ សេចក្តី សប្បាយរីករាយ ស្វាគមន៍ដ៏កក់ក្តៅ ចំពោះគណៈប្រតិភូ ដែលបានអញ្ជើញមក បំពេញ ទស្សន កិច្ចផ្លូវការនៅកម្ពុជានាឱកាសនេះ។
តាមរយៈដំណើរទស្សនកិច្ចនាពេលនេះ គឺពិតជាបានរួមចំណែកដ៏ធំធេងក្នុងការបន្ត ពូនជ្រុំចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ រវាងប្រជាជន និងប្រទេសទាំងពីរ ដែលមានតាំងពីរយូលង់ណាស់មកហើយ។
លោក Wang Jiarui បានបញ្ជាក់ថា សាធារណរដ្ឋប្រជាមានិតចិនតែងតែចាត់ទុកកម្ពុជា ជាមិត្តល្អ ដៃគូល្អ ហើយតាមរយៈ ដំណើរទស្សនកិច្ចនាពេលនេះ សភានៃប្រទេសទាំងពីរ នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិ ការរវាងប្រជាជន និងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ។ប្រទេសទាំងពីរ មានកិច្ចសហប្រតិ បត្តិការ គ្នាដ៏ល្អប្រសើរលើវិស័យសេដ្ឋកិច្ច នយោបាយ និង វប្បធម៌ជាដើម។
សម្តេចប្រមុខរដ្ឋស្តីទី វិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវក្តីរីករាយ ដែលបាន ឃើញទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា-ចិន មានការរីកចម្រើនជាលំដាប់ ឈានដល់កម្រិតកំពូល គឺកិច្ចសហប្រតិ បត្តិការ ជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ប្រមុខរដ្ឋស្តីទី បានអរគុណមិត្តចិន ដែលបានរួមវិភាគទានយ៉ាងធំធេង ក្នុងការសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ព្រមទាំងចាត់ទុកប្រទេសកម្ពុជា គឺជាមិត្តដែលផ្តល់ភាព អនុគ្រោះសម្រាប់កិច្ចសហប្រតិ បត្តិការលើគ្រប់វិស័យ។កម្ពុជាបានចាត់ទុកប្រជាជន និង ប្រទេសចិន ជាអ្នកជិតខាងល្អ មិត្តល្អ បងប្អូនល្អ និងជាដៃគូល្អ។ សម្តេច អរគុណចំពោះ រដ្ឋាភិបាល និងក្រុមគ្រូពេទ្យចិន ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែទាំព្រះរាជ សុខភាព ព្រះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះវររាជមាតា ជាតិ ខ្មែរ និងអរគុណសភាប្រឹក្សានយោបាយប្រជាជនចិន និងរដ្ឋាភិបាលចិន ដែលបានផ្តល់ ជំនួយជាបន្តបន្ទាប់ដល់ព្រឹទ្ធសភាកម្ពុជា។ ជំនួយទាំងអស់នោះ បានរួមចំណែកយ៉ាង ខ្លាំងក្លា ក្នុងការពង្រឹងស្ថាប័ន និងលើកម្ពស់សមត្ថភាពការងារ មន្ត្រីនៃអគ្គលេខា ធិការ ដ្ឋានព្រឹទ្ធ- សភា។ ព្រឹទ្ធសភាកម្ពុជា បានប្រើប្រាស់ជំនួយទាំងអស់នោះ ប្រកបដោយ ប្រសិទ្ធភាពខ្ពស់៕