ម៉ិចស៊ីកូ ៖ សារព័ត៌មានរុស្ស៊ី Russia Today (RT) ចេញផ្សាយថា គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយបានអង្រួនឆ្នេរភាគខាងត្បូង ប្រទេសម៉ិចស៊ីកូ ដោយបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ចំនួន៣២នាក់។
បើតាមអាជ្ញាធរម៉ិចស៊ីកូនិយាយថា មនុស្ស២៣នាក់ ក្នុងចំណោមអ្នកដែលបានបាត់បង់ជីវិត គឺស្ថិតក្នុងរដ្ឋ Oaxaca ខណៈ០៧នាក់បានស្លាប់នៅក្នុងរដ្ឋ Chiapas ជាទីដែលរដ្ឋាភិបាលម៉ិចស៊ីកូ បានប្រកាសដាក់ឲ្យស្ថិតក្រោមភាពអាសន្ន។ ស្របពេលជាមួយគ្នា គ្រោះរញ្ជួយផែនដីនេះ បានផ្តាច់អាយុជីវិត កុមារាចំនួន០២នាក់ផ្សេងទៀត ក្នុងរដ្ឋ Tabasco ដែលនៅក្បែរនោះ ដោយម្នាក់ត្រូវបានជញ្ជាំងអគាររលំលើ និងម្នាក់ទៀតគឺជាទារក ដែលកំពុងប្រើប្រាស់ឧបករណ៍ជំនួយដង្ហើម បានស្លាប់ បន្ទាប់ពីមន្ទីរពេទ្យរបស់គេ ដាច់ភ្លើងដោយសារឥទ្ធិពលរញ្ជួយដី។
បើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) វាមានកម្រិត៨.១រ៉ិចទ័រ និងមានជម្រៅ៣៣គីឡូម៉ែត្រក្រោមផ្ទៃសមុទ្រ នៅចម្ងាយ១២៣គីឡូម៉ែត្រភាគនិរតី ពីទីក្រុង Pijijiapan នៃរដ្ឋ Chiapas៕