ម៉ិចស៊ីកូ ៖ សារព័ត៌មាន ABC News ចេញផ្សាយនៅព្រឹកនេះថា ចំនួនអ្នកស្លាប់បានកើនដល់៦១នាក់ហើយ ខណៈប្រធានាធិបតីម៉ិចស៊ីកូសម្រេចប្រកាសយកពេល០៣ថ្ងៃដើម្បីធ្វើការកាន់ទុក្ខដល់ជនរងគ្រោះទូទាំងប្រទេស ក្រោយហេតុការណ៍គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាបានអង្រួនកក្រើកបណ្តោយឆ្នេរភាគខាងត្បូង ប្រទេសម៉ិចស៊ីកូកាលពីម្សិលមិញ។
ប្រធានាធិបតីម៉ិចស៊ីកូលោក Enrique Pena Nieto បានថ្លែងឲ្យដឹងថា មនុស្សចំនួន៦១បានបាត់បង់ជីវិត ដោយ៤៥នាក់នៅរដ្ឋ Oaxaca, ១២នាក់នៅរដ្ឋ Chiapas, និង០៤នាក់នៅរដ្ឋ Tabasco ហើយលោក បានសម្រេចប្រកាសយកពេល០៣ថ្ងៃ ដើម្បីធ្វើការកាន់ទុក្ខដល់ជនរងគ្រោះទូទាំងប្រទេស។ ក្រៅពីមានមនុស្សស្លាប់ គ្រោះរញ្ជួយដីខាងលើ ថែមទាំងបានដួលរលំអគារជាង៤០០ខ្នង និងប្រមាណ១,៧០០ខ្នងទៀតបានទទួលរងការខូចខាតផងដែរ។
បើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) វាមានកម្រិត៨.១រ៉ិចទ័រ ខណៈលោក Enrique Pena Nieto បានអះអាងថា វាមានកម្រិត៨.២រ៉ិចទ័រ គឺខ្លាំងក្លាជាងគេបង្អស់ប្រចាំប្រវត្តិសាស្ត្រម៉ិចស៊ីកូ ក្នុងអំឡុងពេលមួយសតវត្សរ៍កន្លងទៅនេះ ដោយមានជម្រៅ៣៣គីឡូម៉ែត្រក្រោមផ្ទៃសមុទ្រ នៅចម្ងាយ១២៣គីឡូម៉ែត្រភាគនិរតី ពីទីក្រុង Pijijiapan នៃរដ្ឋ Chiapas៕