ភ្នំពេញ ៖ លោក Bernard Krisher ជាអតីតម្ចាស់កាសែត The Cambodia Daily ដែល កំពុងរស់ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានចេញមុខសុំការទទួលខុសត្រូវ ជំនួសកូនស្រីរបស់ខ្លួន គឺអ្នកស្រី Deborah Krisher Steel ដែលម្ចាស់ថ្មីរបស់ The Cambodia Daily ករណីជំពាក់ បំណុលពន្ធកម្ពុជារយៈពេល១០ ជាង៦លានដុល្លារ ។
ការលើកឡើងរបស់អតីតម្ចាស់កាសែតនេះ ត្រូវបានអគ្គនាយក នៃអគ្គនាយក ដ្ឋាន ពន្ធដារ លោក គង់ វិបុល ឆ្លើយតបវិញថា គឺជារឿងនីតិបុគ្គល គ្មានជនណាមួយអាចមក ទទួលខុសត្រូវជំនួសបានទេ អ្នកណាជំពាក់ពន្ធ អ្នកនោះត្រូវតែសង។
ក្នុងលិខិតរបស់លោក Bernard Krisher ដែលផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃកម្ពុជា អតីតម្ចាស់កាសែត The Cambodia Daily រូបនេះ បង្ហាញក្តីសោកស្តាយ ចំពោះ ការបិទកាសែតដែលមានអាយុកាល២៤ឆ្នាំមួយនេះ និងបានស្នើសុំសម្តេចតេជោ អនុញ្ញាតឲ្យរូបលោកជាអ្នកទទួលខុសត្រូវ ចំពោះការជំពាក់ពន្ធជាង៦លានដុល្លារនេះ ដោយហេតុផលថា ក្នុងអំឡុងពេលជំពាក់ប្រាក់ពន្ធនោះ កាសែត The Cambodia Daily គឺ ស្ថិតក្នុងការគ្រប់គ្រងរបស់ខ្លួន ហើយកូនស្រីរបស់ខ្លួន ទើបតែគ្រប់គ្រងបន្តបានត្រឹម តែ ៤ខែប៉ុណ្ណោះ។
អគ្គនាយកពន្ធដារ លោក គង់ វិបុល បានបញ្ជាក់ឆ្លើយតបចំពោះសុំការទទួលខុស ត្រូវបំណុលពន្ធជំនួសរបស់ លោក Bernard Krisher អតីតម្ចាស់កាសែត The Cambodia Daily ថា រឿងនីតិបុគ្គល គឺជារឿងនីតិបុគ្គល មិនអាចចេះតែមាននរណា សុំមកទទួលខុស ត្រូវនោះទេ ជំពាក់ពន្ធរបស់រដ្ឋគឺត្រូវតែសងជាចាំបាច់។
សូមបញ្ជាក់ថា ពាក់ព័ន្ធសំណុំរឿងជំពាក់បំណុលពន្ធនេះ អគ្គនាយកដ្ឋានពន្ធដារ បានដាក់ពាក្យប្តឹងថ្នាក់ដឹកនាំ៣រូប របស់កាសែត The Cambodia Daily រួចហើយ រួមមាន ម្ចាស់ស្ថាប័ន, បណ្ណាធិការ និង ចាងហ្វាយការផ្សាយកាសែត Cambodia Daily ។ នៅបន្ទាប់ ពីមានការប្តឺងនេះ ទើបលោក Bernard Krisher ដែលជាអតីតម្ចាស់កាសែត The Cambodia Daily បានផ្ញើលិខិតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយបង្ហាញពី ការសោកស្តាយ និងទទួលស្គាល់កំហុសពីការខកខានបង់ពន្ធជូនរដ្ឋ ព្រមទាំងបានចាត់ ទុកថា ការបញ្ឈប់ការផ្សាយរបស់កាសែត The Cambodia Daily មិនមែនជារឿងនយោ បាយ នោះឡើយ៕