ខ្យល់ព្យុះ​អ៊ី​ម៉ា​បំផ្លាញ​លំនៅឋាន​ជាច្រើន​នៅ​តំបន់​ផាម​បេ​យ៍​ក្នុង​រដ្ឋ​ហ្វ្ល័​រី​ដា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 September, 2017 ក+ ក-

​អាមេរិក ៖ ខ្យល់ព្យុះ​ចំឡែក​អ៊ី​ម៉ា​បាន​វាយប្រហារ​រដ្ឋ​ហ្វ្ល័​រី​ដា​ជាមួយ​ល្បឿន​ខ្យល់​បក់​ជាង​២០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​កាលពី​ថ្ងៃអាទិត្យ​ដោយ​ជន់​លិច​ផ្លូវ​មួយចំនួន​ព្រមទាំង​ដាច់​ភ្លើង​តាម​លំនៅឋាន និង​ក្រុមហ៊ុន​ជាង​១,៥​លាន​កន្លែង​ព្រមទាំង​បាន​ផ្ដួលរំលំ​ឧបករណ៍​ស្ទួយ​គ្រឿងសំណង់​មួយគ្រឿង​នៅលើ​អគារ​ខ្ពស់​មួយ​នៅ​ទីក្រុង​ម៉ៃ​អា​មី​នៅ​រដ្ឋ​នេះ​ផងដែរ​។​
​ខ្យល់ព្យុះ​អ៊ី​ម៉ា​នេះ​បានធ្វើ​ដំណើរ​ទៅដល់​ឆ្នេរសមុទ្រ​រដ្ឋ​ហ្វ្ល​រី​ដា​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ហើយ​គេ​រំពឹងថា ខ្យល់ព្យុះ​អ៊ី​ម៉ា​នេះ​នឹង​បន្ថយល្បឿន​របស់ខ្លួន​នៅពេល​ធ្វើដំណើរ​ទៅដល់​ឆ្នេរសមុទ្រ​ខាងលិច​នៅ​រដ្ឋ​ហ្វ្ល័​រី​ដា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។​
​ផ្លូវ​ជាច្រើន​គ្មាន​អ្នកធ្វើដំណើរ​នៅ​ទូទាំង​ជ្រោយ​ហ្វ្ល័​រី​ដា​នេះ​ដោយសារ​ខ្យល់​បក់​ខ្លាំង​លាយឡំ​ដោយ​ការធ្លាក់​ភ្លៀង​ជន់​លិច​ផ្លូវ​ទាំងនេះ ខណៈ​ប្រជាពលរដ្ឋ​ប្រហែល​១២​ម៉ឺន​៧​ពាន់​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅតាម​ទីជម្រក​មួយចំនួន​នៅ​ទីក្រុង​ម៉ៃ​អា​មី​និង​ទីក្រុង​មួយចំនួនទៀត​។​
​ខ្យល់ព្យុះ​នេះ​បាន​បង្ខំ​ឲ្យ​មន្ត្រី​អាជ្ញាធរ​ជម្លៀស​ប្រជាពលរដ្ឋ​មូលដ្ឋាន​រាប់លាន​នាក់​ចេញពី​លំនៅឋាន​ខ្លួន​ទៅរក​កន្លែង​មាន​សុវត្ថិភាព​នៅក្នុង​រដ្ឋ​នេះ​ដើម្បី​គេច​ពី​គ្រោះធម្មជាតិ​ខ្លាំង​បំផុត​នេះ​។ ប៉ុន្តែ​ទោះយ៉ាងណា​រហូតមកដល់​ពេលនេះ​គ្មាន​របាយការណ៍​ពី​អ្នកស្លាប់​ឬ​របួស​បណ្ដាលមកពី​គ្រោះ​កំណាច​នេះ​ទេ​៕