បន្ទាយមានជ័យ៖ អាជ្ញាធរថៃ កាលពីព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៥ នេះ បានបញ្ជូនព្រះសង្ឃខ្មែរចំនួន២០អង្គ ត្រឡប់មកកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយចោទថា គ្មានឯកសារឆ្លងដែនស្របច្បាប់។
មន្ត្រីប្រចាំច្រកទ្វារព្រំដែនបានឲ្យដឹងថា ព្រះសង្ឃទាំង២០អង្គ ក្នុងនោះមាន១២អង្គមកពីខេត្តកំពត, កំពង់ចាម២អង្គ, ភ្នំពេញ១អង្គ, បាត់ដំបង១អង្គ, បន្ទាយមានជ័យ១អង្គ, ព្រៃវែង១អង្គ, តាកែវ១អង្គ និងខេត្តប៉ៃលិន១អង្គ។
តំណាងព្រះសង្ឃទាំង២០អង្គមានថេរដិកា ប្រាប់មន្ត្រីនៅទីតាំងទទួលពលករក្នុងភូមិប៉ោយប៉ែតក្បែរច្រកទ្វារ អន្តរជាតិប៉ោយប៉ែតថា ព្រះសង្ឃមួយចំនួនធំចេញពីកម្ពុជាតាមច្រករបៀងក្នុងស្រុកម៉ាឡៃដោយ ចំណាយប្រាក់ឲ្យសមត្ថកិច្ចមួយអង្គ៤០០បាត (ប្រាក់ថៃ) និងព្រះសង្ឃខ្លះថា ចេញតាមច្រករបៀងឡែម ខេត្តបាត់ដំបង។
តំណាងព្រះសង្ឃបន្តថា ព្រះសង្ឃទាំង២០អង្គត្រូវភាគីថៃចាប់បញ្ជូនពីខេត្តឈាងម៉ៃ ខណៈដែលព្រះសង្ឃខ្លះថា និមន្តទៅដើរលេង និងខ្លះថាទៅរៀន ហើយគ្រប់អង្គទើបចេញពីកម្ពុជា ៤ ទៅ ៥ថ្ងៃ ប៉ុណ្ណោះ ។
យោងតាមការសាកសួរពីព្រះសង្ឃគ្រប់អង្គ គឺបានចេញតាមច្រករបៀង ហើយគ្មានឯកសារច្បាប់សំរាប់ឆ្លងដែនឡើយមានត្រឹមតែឆាយាសង្ឃ និងសង្ឃខ្លះកាន់ឆាយាសង្ឃក្លែងក្លាយទៀតផង៕